វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ បានបញ្ចប់ដោយជោគជ័យ

អត្ថបទដោយ៖
សារ៉ាន ទីងី

វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១  នៅសាលា​បឋម​​សិក្សា​សាលា​លេខ៥ ខេត្តកំពង់ឆ្នាំង បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់​ពី​បានដំណើរការអស់រយៈពេញជិតមួយសប្តាហ៍កន្លងមកនេះ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាគូសបញ្ជាក់ថា ផ្អែកតាមផែន​ការ​សកម្មភាពឆ្នាំ២០២០ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកម្រិត១(Level 1 Class P1 and Class P2) ដើម្បីពង្រឹងនូវគុណភាព ជូនដល់គ្រូបង្វឹកកម្រិត១ប្រភេទកីឡាកាយសម្ព័ន្ធ ឲ្យមានការ​យល់​​ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អសម្រាប់ចំណេះជំនាញមួយនេះ ដើម្បីឆ្ពោះទៅ​រក​ភាព​ជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិ នាពេលខាងមុខ ជាពិសេសគឺឆ្ពោះទៅរកឧត្តម​ភាពក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជូនជាតិមាតុភូមិ ដែលរាជរដ្ឋាភិបាលកម្ពុជា​នឹង​ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះ។ វគ្គសិក្សានេះគាំទ្រដោយកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា បាន​ទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព ​ក្នុងកញ្ចប់បណ្តុះ​បណ្តាល​ធនធានមនុស្ស បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង ។

វគ្គបច្ចេកទេសគ្រូជំនាញកម្រិត១នេះ មានគ្រូឧទ្ទេស លោក ណយ ផាណា និងលោកគ្រូជំនួយ សោ សុផេង ជាគ្រូជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ ដែលមានកម្រិតបច្ចេកទេស FIG Academy Level I and Level II in Artistic and Aerobic Gymnastics។ ចំពោះសមាសភាព​សិក្ខាកាម​មកពី​រាជ​ធានីខេត្តនានា សរុប២២នាក់ ហើយឆ្លងកាត់ការសិក្សាជាច្រើនថ្ងៃកន្លងមកនេះ គឺសិក្ខាកាមទទួល​បាន​លទ្ធផលនិទ្ទេសល្អ ១០នាក់ស្មើនឹង ៤៥,៤៥%, និទ្ទេសល្អបង្គួរ ៨នាក់ ស្មើនឹង ៣៦,៣៦% និង​និទ្ទេស​មធ្យមមានចំនួន៤នាក់ស្មើនឹង១៨,១៨%៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner