ចិនជំរុញអោយសហរដ្ឋអាមេរិកបញ្ឈប់ការហាមឃាត់ក្រុមហ៊ុនអាមេរិកបោះទុនក្នុងក្រុមហ៊ុនចិនដែលពាក់ព័ន្ធនឹងយោធា
ចិន៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះបានអំពាវនាវអោយរដ្ឋាភិបាលអាមេរិកបញ្ឈប់ការកំណត់គោលដៅរឹតត្បិតលើក្រុមហ៊ុនរបស់ចិន តាមរយៈការចេញបញ្ជាប្រតិបតិ្តស្តីពីបញ្ហាសន្តិសុខជាតិ ដោយទីក្រុងប៉េកាំងប្តេជ្ញាថា នឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិននានា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ការលើកឡើងបែបនេះរបស់ក្រសួងការបរទេសចិន ធ្វើឡើងក្រោយ ប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី ១២ ខែវិច្ឆិកានេះ ដោយហាមឃាត់វិនិយោគិនអាមេរិកបោះទុនក្នុងក្រុមហ៊ុនចិន ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា ពាក់ព័ន្ធនឹងយោធាចិន ។ បើគ្មានអ្វីប្រែប្រួលទេនោះ ចាប់ពីថ្ងៃទី១១ ខែមករាឆ្នាំក្រោយនេះតទៅ បញ្ជាប្រតិបត្តិនឹងហាមឃាត់វិនិយោគិនអាមេរិកពីការបញ្ជាទិញភាគហ៊ុនរបស់ក្រុមហ៊ុនចិនចំនួន៣១ក្រុមហ៊ុន ដែលជាប់ឈ្មោះក្នុងបញ្ជីរបស់ក្រសួងការពារជាតិអាមេរិក ដែលពាក់ព័ន្ធនឹងយោធាចិននៅដើមឆ្នាំ២០២០នេះ ។
សូមជម្រាបថា ក្រុមវិនិយោគិនអាមេរិកមានពេលរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីដកភាគហ៊ុនដែលពួកគេមានចេញពីក្រុមហ៊ុនចិនហាមឃាត់ទាំងនេះ ។ ហើយបម្រាមថ្មីនេះ អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនធំៗរបស់ចិនមួយចំនួនដូចជាក្រុមហ៊ុន China Telecom, China Mobile និងក្រុមហ៊ុនផលិតសម្ភារឃ្លាំមើល Hikvision ជាដើម ៕