ប្រជាពលរដ្ឋ រស់នៅក្នុងបរិវេណវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ទទួលបានម៉ាសសម្ដេចតេជោ ពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន
ភ្នំពេញ៖ ប្រជាពលលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅក្នុងបរិវេណវត្តប្រយូវង្ស ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន បានទទួលម៉ាសពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន ដែលបានរួមគ្នាធ្វើយុទ្ធនាការចុះចែកផ្ទាល់ ស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។ ការចុះចែកម៉ាសជូនពលរដ្ឋនៅក្នុងបរិវេណវត្តប្រយូវង្ស និងបន្តចែកជូនបុគ្គលិកប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណ១៣០នាក់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ ទន្លេបាសាក់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌចំការមនផងដែរ។
អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ការផ្តល់ជូនម៉ាសដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ ជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ក្រីក្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនឲ្យឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។
ឆ្លៀតនៅក្នុងឱកាសចែកម៉ាសនេះដែរ, លោក ថេង សុថុល បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួន ប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានញឹកញាប់, ពាក់ម៉ាស់ការពារឲ្យបានជាប់ជាប្រចាំ និងត្រូវកាត់ បន្ថយរាល់ការជួបជុំណាដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ និងក្រើនរំលឹកប្រជាពលរដ្ឋ ចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយរក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិច ១,៥០ម៉ែត្រ ។
សូមរំលឹកថា នេះជាការចុះចែកម៉ាសលលើកទី៣ សំរាប់ខណ្ឌចំការមនក្នុងការនាំយកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋក្នុងទូទាំងខណ្ឌ ដែលកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា លោក ថេង សុថុល ក៏បាននាំយក ម៉ាសមួយចំនួនធំ ចែកជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍រុងរឿងជាង ១០០គ្រួសារ និងបន្តចែកជូនដល់អាជីវករ និង ប្រជាពលរដ្ឋក្នុងផ្សារទួលំពូង ដែលសរុបមកដល់ពេលនេះមានជាង១ម៉ឺន៥ពាន់ម៉ាសហើយ ដែលបានចែកជូនពលរដ្ឋ និងបន្តយុទ្ធនាការចែករហូតតាមអនុសាសន៍របស់រាជដ្ឋាភិបាល សំដៅធ្វើយ៉ាងណាទប់ស្កាត់ មិនឲ្យមានការឆ្លងរីករាល ដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញម៉ាសក្រណាត់ ចំនួន ២លានម៉ាស ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ៕