ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល “មេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ២”តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានឯកឧត្តមង្វៀន សួន ហ៊្វុក(Nguyen XuanPhuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមម៉ូន ចេ អ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លើប្រធានបទ “ការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងទិសដៅអនាគត”, ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ ពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលនិងវឌ្ឍនភាពជាសារវ័ន្តជាច្រើន ដូចជា “សេចក្តីប្រកាសស្តីពីទន្លេមេគង្គ-ហាន ដើម្បីបង្កើតភាពជាដៃគូសម្រាប់ប្រជាជន វិបុលភាព និងសន្តិភាព”, “ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េ ២០១៧ – ២០២០”, កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺឆ្លង និងគ្រោះធម្មជាតិ, និងគំនិតផ្តួចផ្តើមផ្សេងទៀតក្នុងតំបន់មេគង្គ ជាដើម ។
ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ បានស្វាគមន៍ចំពោះការអនុម័ត“ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េថ្មី ២០២១-២០២៥”, និងលើកកម្ពស់“គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី”ទៅជា “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីបូក”។
ដោយឈរលើស្មារតីសាមគ្គីភាព និងសហប្រតិបត្តិការខ្ពស់រវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ,ថ្នាក់ដឹកនាំទាំងអស់បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការសម្រេចអនុម័ត “សេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំកំពូលមេគង្គ-អាស៊ាន លើកទី ២”និងការជំរុញលើកកម្ពស់“ភាពជាដៃគូមេគង្គ-សាធារណរដ្ឋកូរ៉េ ” ឱ្យក្លាយជា“ភាពជាដៃគូដែលមានកម្រិតជាយុទ្ធសាស្ត្រ ”។
ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គក៏បានសម្តែងនូវការពេញចិត្ត និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ម៉ូន ចេ អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងការ៖១. ពង្រឹងសហប្រតិបត្តិការផ្នែកធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់នឹងជំងឺឆ្លង, ២. ពង្រឹងការតភ្ជាប់ប្រទេសក្នុងតំបន់ តាមរយៈការអភិវឌ្ឍវិស័យគមនាគមន៍, ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ (ដូចជា ទីក្រុងឆ្លាតវៃ, កសិដ្ឋានឆ្លាតវៃនិងវិស័យផ្សេងទៀតជាដើម, និង ៣. ធ្វើជាដៃគូជាមួយប្រទេសក្នុងតំបន់មេគង្គក្នុងការធានាការអភិវឌ្ឍសេដ្ឋ-កិច្ច និងសង្គមប្រកបដោយចីរភាព ជាពិសេស ពាក់ព័ន្ធនឹងធនធានទឹក ថាមពល និងសន្តិសុខស្បៀង ៕