ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងចំនួន២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក និងរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងចំនួន២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញអមដំណើរដោយឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក និងក្រុមការងារចុះជួយឃុំវាលពង់ ស្រុកឧដុង្គ និងអាជ្ញាធរមូលដ្ឋាននៃស្រុកឧដុង្គ ចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង២៥០គ្រួសារ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែមានក្តីបារម្ភ និងគិតគូរ យកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបទូទាំងប្រទេស ដែលតាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្ងៃនេះយើងខ្ញុំបាននាំមកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គ.ក្រ មីចំនួន១កេស ទឹកត្រីចំនួន១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន២ម៉ឺនរៀល សម្រាប់ជួយសម្រួលជីវភាពលំបាករបស់បងប្អូន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ក្នុងស្ថានភាពដ៏អាក្រក់នេះ មិនថាប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ គឺពិភពលោកទាំងមូល កំពុងជួបប្រទះនឹងស្ថានភាពមួយដ៏គួរឱ្យព្រួយបារម្ភ និងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត ពីការរាតត្បាតនៃមេរោគកូវីដ១៩ ។ស្ថានភាពដ៏អាក្រក់នេះ បានធ្វើអោយប្រទេសទាំងអស់ទូទាំងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចជាសកល ដែលទាមទារឱ្យយើងរួមគ្នាដោះស្រាយ។
ឯកឧត្តមបានបន្តថា ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវយន្តការដោះស្រាយជាបន្តបន្ទាប់ ដែលក្នុងគ្រានេះ រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចសំខាន់មួយ គឺការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងៗទៀត នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងនូវអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលតែងតែមានទំនុកចិត្ត និងចូលរួមនូវសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ដែលជាក់ស្តែងថវិកា និងសម្ភារៈ ទាំងអស់ បានមកពីការចូលរួមពីក្រុមការងារចុះជួយឃុំវាលពង់ , ក្រុមយុវជនប្រទេសកាណាដា ដែលដឹកនាំដោយឯឧ រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ និងសប្បុរសជនយើងផ្សេងៗទៀត ដែលបានកំពុងធ្វើយុទ្ធនាការទូទាំងប្រទេស។
ជាទីបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពអោយបានល្អ ទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសុខទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងនៅតែអាចគ្រប់គ្រងបានស្ថានការណ៍ដ៏អាក្រក់នេះប្រកបដោយប្រសិទ្ធភាព ព្រមជាមួយនឹងបន្តការរក្សាបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ បន្តការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ ជាពិសេសការរក្សាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ដោយ
វុធ