កងពលតូចលេខ៧០ បានទទួលអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
តាកែវ៖ ពិធីប្រគល់នេះបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ។ សូមបញ្ជាក់ថា ពិធីចែកអាវរងានៅព្រឹកនេះ បានចែកជូនដល់ អង្គភាពចំណុះ បញ្ជាការដ្ឋានកងទ័ពជេីងគោក នឹងបណ្តាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង ក្នុងពិធីចែកអាវរងាដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ថា សូមបន្តអនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ នឹងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយនានា ជាពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះផងដែរ។
ក្នុងឱកាសជូនអំណោយនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ។