ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីយកដុំថ្មគប់ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចកន្លែងកំសានទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងចាប់យកម៉ូតូចំនួន ០២ គ្រឿង ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដុំថ្មគប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១II៣៥៥៩) ប្រព្រឹត្តនៅចំណុចម៉ាតPM ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៥០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ។
ជនសង្ស័យទី១-ឈ្មោះ ចាន់ ថន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។ និងទី២-ឈ្មោះ អៀ គីមស៊្រន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
ចំណែកសម្ភារៈចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ គ្មានស្លាកលេខ ។
-ស្លាកលេខ ភ្នំពេញ ១II៣៥៥៩ ចំនួន មួយបន្ទះ ។
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលឿង ពាក់ស្លាកលេខ ភ្នំពេញ១GT ៣០២២ ។
-ទូរសព្ទ័ដៃចំនួន ០៤ គ្រឿង ម៉ាកអាយហ្វូន ចំនួន ០២ គ្រឿង ម៉ាកអុបប៉ូ ចំនួន ០១ គ្រឿង និងម៉ាកវីវ៉ូ ចំនួន ០១ គ្រឿង ។
រីឯជនរងគ្រោះ
-ឈ្មោះ ស៊ន វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកដឹកជញ្ជូនអីវ៉ាន់
-ស្នាក់នៅផ្ទះលេខ៦០៩ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
សម្ភារៈបាត់បង់
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៦១៧១៩ ពាក់ស្លាកលេខ ភ្នំពេញ ១II៣៥៥៩
បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី