គ្រួសាររងផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ដោយសារតែជម្ងឺឆ្លងកូវីដ-19 និងទឹកជំនន់កន្លងមក ចំនួន១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបងទទួលបាន នូវអំណោយ ពីក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ស ខេង
គ្រួសារដែលទទួលរងនូវផលប៉ះពាល់ ដោយសារតែការរាតត្បាតជាសកល នូវ ជម្ងឺឆ្លងកូវីដ-19និងជំនន់ទឹកភ្លៀងរហ័សកន្លងមកក្នុងខេត្តនិងជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ ចំនួន ១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង បានទទួលនូវអំណោយជាស្បៀងមនុស្សធម៌ ពីសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង តាមរយៈនៃក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ដឹកនាំដោយ ឯកឧត្តម ខាន់ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ហើយពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តគរ សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ចុងសប្តាហ៍នេះ។
ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារមនុស្សធម៌ សម្តេចក្រឡាហោម បានថ្លែងថា៖តាមរយៈសំណូមពរពីអាជ្ញាធរសង្កាត់ និងឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់វត្តគរ បានទទួចស្នើសុំដល់សម្តេចក្រឡាហោម ដើម្បីផ្តល់នូវស្បៀងជួយដល់គ្រួសារដែលកំពុងតែជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃដោយសារតែបញ្ហានៃការរាតត្បាតពីជម្ងឺឆ្លងកូវីដ-19ផងនិងគ្រោះទឹកជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ កន្លងមកនេះ។
ឯកឧត្តមប្រធានក្រមការងារមនុស្សធម៌សម្តេចក្រឡាហោម សខេង បានថ្លែងគូសបញ្ជាក់ទៀតថាដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរនិងក្រុមការងារថ្នាក់ជាតិនៅទីនេះទើបបញ្ហាប្រឈមនានា ដែលកើតមានកន្លងមកនេះ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេសពីសម្តេចក្រឡាហោមសខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង រួមទាំងអាជ្ញាធរនៃរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង និងក្រុមការងារគ្រប់ថ្នាក់ចុះជួយខេត្តស្រុកក្រុង ឃុំ-សង្កាត់ បានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនិងតម្រូវការចាំបាច់សមស្របដើម្បីឆ្លើយតបជួយដល់ប្រជាពលរដ្ឋទាំងនោះ បានទាន់ពេលវេលានៅគ្រប់ទឹសទីកន្លងមកនេះ។
ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានគូសបញ្ជាក់ផងដែរថាបើទោះបីមានការដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់សមតាមបំណង ដែលបងប្អូនត្រូវការនោះឡើយ។ តែអ្វីដែលក្រុមការងារចុះដោះស្រាយនោះ គឺបានធ្វើជាបន្តបន្ទាប់ដើម្បីជួយសម្រាលដល់ការលំបាកជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។
អំណោយដែលបងប្អូនទាំង១០០គ្រួសារទទួលបានរួមមាន៖អង្ករ ២០គក្រ.មី ១កេសតូច ត្រីខ.១យួរ ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ថ្នាំពេទ្យមួយកញ្ចប់តូចក្នុង១គ្រួសារៗ។ជាមួយគ្នានេះ ឯកឧត្តម អ៊ុត ក្លឹង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់វត្តគរ បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង តាមរយៈឯកឧត្តមប្រធានក្រុមការងារមនុស្សធម៌របស់សម្តេចនិងវត្តមានយកចិត្តទុកដាក់ពីឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងដែលជានិច្ចជាកាល តែងបានផ្សារភ្ជាប់នូវសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង គ្រប់កាលៈទេសៈក្នុងគ្រាលំបាកផ្សេងៗកន្លងមក។
ថ្លែងក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម ច័ន្ទ សុផល ក៏បានធ្វើការក្រើនរំលឹកនិងផ្តាំផ្ញើដល់បងប្អូនវ្រជាពលរដ្ឋក្នុងសង្កាត់វត្តគរ ក្រុង’ខេត្តបាត់ដំបង សូមបន្តចូលរួមជាមួយអាជ្ញាធរដែនដីនិងក្នុងមូលដ្ឋានខ្លួនគ្រប់លំដាប់ថ្នាក់ក្នុងការស្តារឡើងវិញនូវជីវភាពប្រចាំថ្ងៃរបស់ខ្លួនក្រោយពីទឹកជំនន់ស្រកចុះ និងខណៈពេលដែលជម្ងឺឆ្លងកូវីដ-19 បានស្រាកស្រានទៅវិញ ត្រូវខិតខំការងារដាំដុះដំណាំស្រែចម្ការដែលខ្លួនមានឡើងវិញ ដើម្បីធានាបាននូវជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានប្រសើរឡើងវិញ។ ហើយអំណោយស្បៀងដែលផ្តល់ថ្ងៃនេះ គ្រាន៎តែជាការសម្រាលជួយដល់ការលំបាកបងប្អូនបានមួយគ្រាតែបុណ្ណោះ។
ឯកឧត្តមប្រធានក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោមនិងឯកឧត្តម ច័ន្ទ សុផលអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង ត្រូវបន្តយកចិត្តទុកចូលរួមក្នុងការទប់ស្កាត់ក្នុងការពារជម្ងឺរាតត្បាតនិងការចម្លងពីមេរោគកូវីដ-19ឲ្យបានម៉ឺងម៉ាត់និងត្រូវអនុវត្តនូវវិធានការនិងតាមគោលការណ៍ណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការធ្វើអនាម័យឲ្យជាប្រចាំតាមរយៈការពាក់ម៉ាស់ ការលាងសម្អាតដៃនិងសាប៊ូ បាញ់អាល់កុលឬលាងដៃជាមួយជែលជាដើមនិងត្រូវរក្សាគម្លាតរវាងមនុស្សម្នាក់ទៅម្នាក់ និងចៀសវាងពីការប្រមូលផ្តុំជាដើម៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )