កម្ពុជា៖ ពុំមានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មខ្លាំង ចំពោះការសម្តែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះ សម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១៥ ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឆ្លើយតបនឹងសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់កម្ពុជាគ្មានមូលដ្ឋានដដែលៗចំពោះករណីថាកម្ពុជាមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន។ «ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជា មានផែនការឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿង ដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឲ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់»ជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១៥ ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អាមេរិក លើកឡើងថា វត្តមានកងទ័ពជើងទឹកបរទេស នៅកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត្យ តាមសេចក្តីចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា»។ «ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ ហើយនាយករដ្ឋមន្ត្រីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជា គ្មាន ហើយថ្ងៃមុខ ក៏នឹងពុំមានដែរ នូវមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួន» ឯកឧត្តម ឧបនាយករដ្ឋន្រ្តីបានបញ្ជាក់សាជាថ្មី៕