ខ្មែរយើង ពិតមែនតែក្រ ក៏ប៉ុន្តែចិត្តមិនក្រទេ!
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្មែរយើងពិតមែនតែក្រ ក៏ប៉ុន្តែចិត្តមិនក្រទេ» តាមរយៈសារសំលេងផ្សព្វផ្សាយជូនថ្នាក់ដឹកនាំនិងបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ការលើកឡើងនេះគឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចថាកម្ពុជាស្ម័គ្រចិត្តបរិច្ចាគម៉ាស ២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសឡាវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្មែរយើង ពិតមែនតែក្រ ក៏ប៉ុន្តែចិត្ត វាមិនក្រទេ» ដោយលើកហេតុផលមួយចំនួនថា មាន ខ្លះគេអោយយើងត្រឹមតែ ២០ម៉ឺនម៉ាស ៣០ម៉ឺនម៉ាស! ឥឡូវយើងហ៊ានទៅផ្តល់ឲ្យប្រទេសឡាវ ដល់ទៅ ២លានម៉ាស។ «អាហ្នឹង យើងធ្វើទៅតាមអ្វីដែលជាសមានចិត្តរបស់យើង ចំពោះឡាវ» នេះជាការលើកឡើងបន្ថែមរបស់សម្តេចម្រុខរាជរដ្ឋាភិបាលកម្ពុជា។ ដូចគ្នាដែរ នៅក្នុងរាត្រីថ្ងៃទី ១៤ ខែវិច្ឆិកា ដដែល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងលិខិត ជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានទូរស័ព្ទមកសួរសុខទុក្ខសម្តេចតេជោថា «ផ្អែកលើកិច្ចសន្ទនាតាមទូរស័ព្ទ និងតាមរយៈការរួមដៃគ្នា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ តាងនាមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នេះជាកិច្ចការមួយដ៏សំខាន់ សម្រាប់តួនាទីកម្ពុជាដែលតែងតែមានសមានចិត្តជួយគ្នាក្នុងពេលមានការលំបាក ដែលវប្បធម៌នេះបានកើតឡើងជារៀងរហូតមក។ ម្យ៉ាងទៀតសមានចិត្តរបស់កម្ពុជា
ក៏បានបង្ហាញជូនផងដែរចំពោះការទំនាក់ទំនងជាមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសឡាវ មានការរីកចម្រើនថែមមួយកម្រិតទៀត។ នៅក្នុងខ្លឹមសារនៃលិខិត សម្តេចតេជោពិតជាបានបង្ហាញពីគោលបំណងដែលកម្ពុជាកំពុងចូលរួមជាមួយពិភពលោក ជាពិសេសប្រទេសក្នុងតំបន់ដើម្បីប្រយុទ្ធទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩។ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីប្រទេសឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។
សូមរម្លឹកថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖
ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ ១០ម៉ឺនម៉ាស, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ។ នឹងត្រូវដឹកតាមយន្តហោះពីកម្ពុជា ទៅប្រទេសឡាវនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាស្អែកនេះ។
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ម៉ាស និងបរិក្ខារពេទ្យសរុបចំនួនទាំង១២មុខនេះ យកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ តាមយន្តហោះពិសេសនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។