សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូ នាំយកម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយ ចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាង សម្តេចតេជោ ហ៊ុន សែន ខណៈកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន ដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងដំណើរនាំយកអំណោយម៉ាសចំនួន២លាននិងបរិក្ខារពេទ្យសរុបចំនួន១១មុខ ជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលផងដែរ។
កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់លោក ថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន៕