បុរសម្នាក់មិនទាន់អស់អាល័យនៃជីវិត បានជិះម៉ូតូមកលើស្ពានជ្រោយចង្វារួចលោតទឹកសម្លាប់ខ្លួន តែខំប្រឹងហែលមកលើគោកវិញ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យមានវិបត្តិអ្វីមួយក្នុងចិត្តគិតដោះស្រាយមិនចេញ ក៏បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតម្រង់មកលើស្ពានជ្រោយចង្វាចាស់ រួចលោតទឹកសម្លាប់ខ្លួន តែដោយសារនៅមិនទាន់អស់អាល័យនៃជីវិត ក៏ខំប្រឹងហែលមកលើគោកវិញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯងមកឈប់នៅលើស្ពានជ្រោយចង្វាចាស់ ហើយក៏បានទៅតោងបង្កាន់ដៃស្ពានលោតចុះលិចចូលទៅក្នុងទឹកបាត់ដោយបន្សល់ទុកទូរស័ព្ទ១គ្រឿង លុយចំនួន៤ម៉ឺនរៀល និងខ្សែដៃ១ខ្សែទុកនៅលើកែបម៉ូតូ របស់ខ្លួន ហើយសមត្ថកិច្ចបានយកម៉ូតូ និងសម្ភារជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ជាបណ្តោះអាសន្ន។
ក្រោយមក ប្រមាណជាង១០នាទី ក៏មានគេប្រទះឃើញបុរសនោះហែលតោងទូកអ្នកនេសាទឡើងលើគោកវិញ នៅម្តុំវត្តភ្នំ ខណ្ឌដូនពេញ ដោយទំនងគាត់នៅមិនទាន់អស់អាល័យនៃជីវិត ក៏ខំប្រឹងហែលមកលើគោកវិញបែបនេះ។ ក្រោយមកទៀត បុរសរូបនោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរ និងណែនាំអប់រំ រួចទាក់ទងទៅក្រុមគ្រួសារ និងសាច់ញាតិមកទទួលទៅផ្ទះវិញ៕ ដោយ៖ ជីម ភារ៉ា