ព្យុះទីហ្វុង Vamco វាយប្រហារវៀតណាម ក្រោយផ្តាច់ជីវិតប្រជាជនហ្វីលីពីនកើនជិត៧០នាក់
វៀតណាម៖ ព្យុះទីហ្វុង វ៉ាមកូ បានធ្វើដំណើរមកដល់វៀតណាមនៅថ្ងៃអាទិត្យម្សិលមិញ ដោយវាបានបំផ្លិចបំផ្លាញអាគារ និង ធ្វើអោយមនុស្ស០៥នាក់រងរបួស ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារព្យុះក៏កំណាចមួយនេះនៅហ្វីលីពីនកើនឡើងដល់៦៧នាក់ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ប្រភពខាងលើនេះបានអោយដឹងថា ព្យុះទីហ្វុង វ៉ាមកូ បានចូលដល់ដីគោកវៀតណាមកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ជាមួយល្បឿនខ្យល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាបានរំលំដើមឈើ និងធ្វើអោយប៉ើងដំបូលផ្ទះ ព្រមទាំងសាលារៀនផងដែរ ។ វ៉ាមកូ ជាព្យុះចុងក្រោយក្នុងចំណោមព្យុះជាង១០ ដែលបានវាយប្រហារវៀតណាមនៅឆ្នាំ២០២០នេះ ដែលបានបង្កការជន់លិច និងការបាក់ដីសម្លាប់មនុស្សយ៉ាងតិច១៥៩នាក់ និងបាត់ខ្លួន៧០នាក់ទៀត ។
សូមបញ្ជាក់ថា ព្យុះទីហ្វុង វ៉ាមកូ បានចុះខ្សោយចាប់តាំងពីវាចូលដល់ដីគោកហ្វីលីពីន តែសារព័ត៌មានរដ្ឋវៀតណាមបានចេញផ្សាយថា វានៅតែអាចបង្កការខូចខាតធ្ងន់ធ្ងរដដែល ៕