ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បង្ហាញឆន្ទៈលើកទឹកចិត្ត ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរតែពង្រីកខ្លួនឱ្យក្លាយជាមូលដ្ឋានផលិតកម្មធំ នៅក្នុងសហគមន៍អាស៊ាន ដែលមានប្រជាជនជាង ៦០០ លាននាក់ ដើម្បីនាំចេញផលិតផលចម្រុះសម្បូរបែប ទៅក្នុងសហគមន៍អាស៊ាន ដូចជាប្រទេសដទៃទៀត។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក ចិន ជាំងកាង (CHEN JIANGANG) ប្រធានតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីរាយការណ៍អំពីការអភិវឌ្ឍ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោក ចិន ជាំងកាង បានជម្រាបដល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា នាពេលបច្ចុប្បន្ន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនវិនិយោគសរុបទាំងអស់ ១៦៥ ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារ ដល់កម្មករនិយោជិតប្រមាណ ៣០,០០០ កន្លែង។ ក្រុមហ៊ុនក៏បានកសាងអគារស្នាក់នៅចំនួន ៦ ខ្នង សម្រាប់ឱ្យកម្មករនិយោជិតប្រមាណ ៣,០០០ នាក់ស្នាក់នៅផងដែ។
ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្តថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចំនួនសរុប ១,៣០០ លានដុល្លារអាមេរិក កើនឡើង ៣១% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
លោកបានបន្តទៀតថា ដើម្បីចាប់យកឱកាសនៃការអភិវឌ្ឍយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនទាំងអស់បានរួមគ្នាពន្លឿនការសម្រេចនូវការរំពឹងទុក ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅជាឧទ្យានអន្ដរជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាកូនបង្កើតរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតក្នុងក្របខណ្ឌមហាគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតី ស៊ី ជិនពីង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា ហើយក្រុមហ៊ុនចិនជាច្រើន បានមកវិនិយោគក្នុងក្រុងនេះច្រើនណាស់ ។
ឯកឧត្តម បានលើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ «គួរនាំចេញផលិតផលក្នុងសហគមន៍អាស៊ាន ដែលមានប្រជាជនជាង ៦០០ លាននាក់ ហើយជាមូលដ្ឋានផលិតកម្មសហគមន៍អាស៊ាន»។ ឧបនាយករដ្ឋមន្ត្រី បង្ហាញការរំពឹងទុកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិនឱ្យបាន ១០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ព្រមទាំងជំរុញចលនាពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសនានាផ្សេងទៀតឱ្យបានកាន់តែច្រើន៕