មន្រ្តីជាន់ខ្ពស់របស់លោក ចូ បៃដិន គ្រោងជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង Covid-19
អាមេរិក៖ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃចន្ទនេះថា ក្រុមទីប្រឹក្សាវិទ្យាសាស្ត្ររបស់លោក ចូ បៃដិន គ្រោងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំង Covid-19 របស់អាមេរិកនៅប៉ុន្មានថ្ងៃខាងមុខនេះ ។
ជាមួយគ្នានេះ លោក Ron Klain ដែលទើបតែត្រូវបានលោក ចូ បៃដិន ជ្រើសរើសឱ្យកាន់តំណែងជានាយសេនាធិការសេតវិមាន នៅពេលរដ្ឋបាលថ្មីរបស់លោកចូលកាន់តំណែងនោះ បានបញ្ជាក់ថា យើងនឹងចាប់ផ្ដើមពិគ្រោះយោបល់នៅក្នុងសប្ដាហ៍នេះ ជាមួយក្រុមហ៊ុន Pfizer និងក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកដទៃទៀត ។
ជំនួបពិភាក្សាខាងលើនេះ គ្រោងធ្វើឡើងចំពេលដែលការផ្ទេរអំណាចប្រធានាធិបតីអាមេរិកនៅតែស្ថិតក្នុងភាពចម្រូងចម្រាស់នៅឡើយ ត្បិតលោក ដូណាល់ ត្រាំ មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនោះទេ ៕


