ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ សន្យាជួយថវិកា 669លានដុល្លារ ដល់អាស៊ាន

កែ ផុស ៖ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានសន្យាផ្តល់ប្រាក់ 669លានដុល្លារសម្រាប់ជាការឆ្លើយតបទៅនឹងអាស៊ានក្នុងការប្រឆាំងកូវីដ-19 ក្រោមគោលនយោបាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមដទៃទៀត។ នេះបើតាមព័ត៌មានជំនួបកំពូលអាស៊ានតាមប្រព័ន្ធអនឡាញចំនួន2 កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងជំនួបកំពូលអាស៊ាន-អូស្ត្រាលីលើកទី1 នាយករដ្ឋមន្ត្រីវៀតណាម ដែលជាប្រធានអាស៊ានបានកោតសរសើរប្រទេសអូស្ត្រាលី ចំពោះការសន្យាជួយប្រាក់1ពាន់លានដុល្លារអូស្ត្រាលី (727លានដុល្លារអាមេរិក) សម្រាប់មូលនិធិឆ្លើយតបរបស់អាស៊ានចំពោះជំងឺកូវីដ-19 និងថវិកាចំនួន 60លានដុល្លារអូស្ត្រាលីទៀតសំរាប់សមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់។

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ក៏បានសរសើរដល់ប្រទេសអូស្ត្រាលីចំពោះការសន្យាជួយនូវទឹកប្រាក់2សែនដុល្លារអូស្ត្រាលី ដើម្បីគាំទ្រស្ត្រីនិងក្មេងស្រីអាស៊ានក្រោយសម័យកូវីដ-19 សំរាប់ឆ្នាំ2020 – 2021 ។

ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលីបានរួមវិភាគទានជាច្រើនក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2025។
ថ្នាក់ដឹកនាំទាំងឡាយបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ថវិកាជំនួយ ដើម្បីជួយអាស៊ានធានាសន្តិសុខសុខាភិបាល ជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការស្ដារឡើងវិញ បង្កើនការតភ្ជាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សមត្ថភាពទប់ទល់នឹងជំងឺរាតត្បាតសំរាប់ប្រទេសនានាក្នុងតំបន់។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន បានមានប្រសាសន៍ថា អូស្ត្រាលីបានសន្យាជួយថវិកាចំនួន 21លានដុល្លារអូស្ត្រាលីសំរាប់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លង(AC-PHEED) និង 70លានដុល្លារអូស្ត្រាលីទៀត សំរាប់បង្កើនសមត្ថភាពផ្តល់អំណាចខ្លួនឯងរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយផ្តល់អាទិភាពលើវិស័យកិច្ចសហប្រតិបត្តិការសមុទ្រ និងសេដ្ឋកិច្ច។

លោកបានបន្ថែមថា អូស្ត្រាលីបានសន្យាជួយថវិកា 230លានដុល្លារសំរាប់កិច្ចសហប្រតិបត្តិការមេគង្គនៅក្នុងវិស័យដូចជា បរិស្ថាន ហេដ្ឋារចនាសម្ពន្ធនិងបច្ចេកវិទ្យា ដោយថាវានឹងប្រើជាមូលដ្ឋានគ្រឹះសំរាប់អាស៊ានរឹងមាំមួយ។
ដោយឡែកក្នុងជំនួបអាស៊ាន-នូវែលសេឡង់ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចាស៊ីនដា អាដឺន Jacinda Ardern បានមានប្រសាសន៍ថាក្នុងរយៈពេល 45 ឆ្នាំកន្លងមកទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងនូវែលសេឡង់ទទួលបានសមិទ្ធផលគួរឱ្យចាប់អារម្មណ៍។ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពបើកឡើងវិញជាបណ្ដើរៗនូវទីផ្សារ បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម បង្កើនតម្លៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ប្រទេសនូវែលសេឡង់ ក៏បានសន្យាជួយ 1លានដុល្លារ សំរាប់មូលនិធិឆ្លើយតបអាស៊ានប្រឆាំងកូវីដ-19 ថវិកាចំនួន12លានដុល្លារសំរាប់គាំទ្រការងារឆ្លើយតបនឹងជំងឺក្នុងតំបន់ និង10លានដុល្លារសំរាប់គាំទ្រកសិកម្មវៃឆ្លាត និងការឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ហើយនិង 5លានដុល្លារសំរាប់គាំទ្រសកម្មភាពរបស់គណៈកម្មាធិការទន្លេមេគង្គ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner