កង់ចាស់ ប៉ះកង់ថ្មី បានអាហារូបករណ៍​១០០​ភាគរយ អ្វីគួរសរសើរ ភាពអង់អាចតស៊ូរបស់ពួកគាត់

ភ្នំពេញ៖ បណ្ដាញសង្គមផ្ទុះការចែកចាយ សរសើរដល់កុមារ៣នាក់ ដែលមានជីវភាពក្រីក្រ យកកង់ចាស់របស់ខ្លួន ចូលរួមក្នុងកម្មវិធីប្រណាំង។ កុមារទាំង៣រូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម សរសើរពី​ភាពក្លាហាន មិនបោះបង់គោលដៅរបស់ខ្លួន ព្រោះតែជីវភាព។ ដោយសារតែ ចេះ​តស៊ូ​ក្នុង​ជីវិត និង​មាន​ក្តី​ស្រមៃ​ចង់​បន្ត​ការសិក្សា​ឲ្យបាន​ខ្ពស់ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានជួបផ្ទាល់ ជាមួយកុមារទាំង៣រូប និងអាណាព្យាបាល ថែមទាំងផ្តល់អាហារូបករណ៍១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ។

ឯកឧត្តមបណ្ឌិត លី ឆេង បញ្ជាក់ថា «គាត់ស្ញប់ស្ញែងពីភាពក្លាហាន និង ចេះតស៊ូក្នុងជីវិតមានក្តីស្រមៃ​ចង់បន្តការសិក្សា ឲ្យបានខ្ពស់ ថ្ងៃនេះ អ៊ុសូមផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសា អង់គ្លេសទូទៅ (Preschool ដល់Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង ៣នាក់ បន្តសិក្សានៅសាលា ប៊ែលធី អន្តរជាតិ»។

កុមារទាំង៣រូបនេះ ទី១៖ឈ្មោះ ប៉ិច ធារ៉ា អាយុ១៣ឆ្នាំ, ទី២៖ឈ្មោះ សុវណ្ណ សាលី អាយុ១៣ឆ្នាំ និងទី៣៖ឈ្មោះ ឆុន ភារម្យ អាយុ៩ឆ្នាំ។

ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានកោតសរសើរក្មួយៗ បើទោះបីជាជិះកង់ចាស់មិនល្អដូចគេយ៉ាងណាក៏ដោយ ក៏មិនអស់សង្ឃឹម មិនបាក់ទឹកចិត្តនោះដែរ គឺបានខិតខំប្រឹងប្រែងប្រកួតយ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។

ឯកឧត្តមបន្ដលើកទឹកចិត្តកុមារទាំង៣រូបនេះ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំខាន់ សម្រាប់ជួយ អភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានអំណរគុណ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានជួយសម្របសម្រួលកុមារទាំង៣នាក់ មានឱកាសបានទទួលអាហារូបករណ៍នាពេលនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner