ប្រភេទដើមឈើជិតផុតពូជពីរប្រភេទ ត្រូវបានគេរកឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ដើមឈើដ៏កម្រនិងជិតផុតពូជបំផុតត្រូវបាន ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។នេះបើតាមការឱ្យដឹងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS ។

បើតាមអង្គការសមាគមអភិរក្សសត្វព្រៃបានបញ្ជាក់នៅថ្ងៃទី១៧ខែវិច្ឆិកានេះថាដើមឈើថ្មីទាំងពីរប្រភេទ ដែលអ្នកស្រាវជ្រាវបានរកឃើញនេះ ត្រូវបានដាក់ឈ្មោះតាមវិទ្យាសាស្ត្រ ដោយមួយប្រភេទ ឈ្មោះថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀត ត្រូវបានដាក់ឈ្មោះថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយក តាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។

គួរបញ្ជាក់ថាបើទោះបីជាអង្គការ IUCNមិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះតែពីរបីដើមប៉ុណ្ណោះក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។

ជាមួយគ្នានេះក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល ។សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner