ការព្យាករណ៍អាកាសធាតុនិងសីតុណ្ហភាពប្រចាំសប្តាហ៍
កម្ពុជានៅក្នុងសប្ដាហ៍នេះ នឹងមានភ្លៀងធ្លាក់ខ្សោយ និងកន្លែងខ្លះស្ទើរមិនមានភ្លៀងធ្លាក់តែម្តងដោយសារការ រងឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើងប្រទេសចិន និងខ្យល់មូសុងឦសានខ្សោយ ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ឥទ្ធិពលនេះ នឹងមានរវាងពីថ្ងៃទី១៨ រហូតដល់ ថ្ងៃទី២៤ ខែវិច្ឆិកា។ ចំពោះបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល រវាងពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ផ្នែកមួយចំនួននៃបណ្ដារាជធានី-ខេត្ដ នៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែកចំពោះសីតុណ្ហភាពវិញ តាមបណ្តាខេត្តទាំងនេះ សីតុណ្ហភាពអប្បបរមា គឺមានរវាងពី ២២ដល់២៤ អង្សាសេ , និងសីតុណ្ហភាពអតិបរមា មានរវាងពី២៩ ដល់៣១ អង្សាសេ។
ចំពោះបណ្ដាខេត្ដជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ការព្យាករណ៍បានបង្ហាញនូវស្ថានភាពភ្លៀង ដែលស្ទើរ តែគ្មានទាំងស្រុង ប៉ុន្តែបើមាន អាចក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ចំណែកសីតុណ្ហភាពអប្បបរមា នឹងមានរវាង ពី២១ដល់២៣ អង្សាសេ , និងសីតុណ្ហភាពអតិបរមា នឹងមានរវាងពី២៩ ដល់៣០ អង្សាសេ។
ចំពោះតំបន់មាត់សមុទ្រវិញ រវាងពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រ អាចមានកម្ពស់កន្លះម៉ែត្រ។ ចំពោះសីតុណ្ហភាពវិញគឺ សីតុណ្ហភាពអប្បបរមា មានរវាង ពី២៣ដល់២៥ អង្សាសេ , និងសីតុណ្ហភាពអតិបរមា មានរវាងពី២៨ ដល់៣ អង្សាសេ។