Amazon ដំណើរការឱសថស្ថានអនឡាញជាលើកដំបូង
បរទេស ៖ នៅព្រឹកថ្ងៃពុធនេះក្រុមហ៊ុនយក្សអនឡាញដ៏ល្បីបំផុតលើពិភពលោក Amazon បានប្រកាសដំណើរការសេវាកម្មឱសថស្ថានរបស់ខ្លួនដែលនឹងអនុញ្ញាតឲ្យអតិថិជនអាចធ្វើការបញ្ជាទិញថ្នាំតាមវេជ្ជបញ្ជា។
តាមការប្រកាសបញ្ជាក់បន្ថែមរាល់អតិថិជនដែលជាសមាជិកនៃ Amazon Prime ទាំងអស់គឺមានសិទ្ធិក្នុងការ
ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃត្រឹមរយៈពេល 2 ថ្ងៃ ព្រមជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ 80 ភាគរយសម្រាប់ប្រភេទថ្នាំធម្មតា និង 40 ភាគរយសម្រាប់ថ្នាំពេទ្យតាមវេជ្ជបញ្ជា។
អ្វីដែលអតិថិជនរបស់ Amazon ត្រូវការចាំបាច់សម្រាប់ផ្តល់ឲ្យមុនការធ្វើបញ្ជាទិញនោះគឺពាក់ព័ន្ធទៅនឹងព័ត៌មានស្តីពីសុខភាពរបស់ពួកគេមានដូចជា តើពួកគេកំពុងមានផ្ទៃពោះ? ការបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើត.ភេទ.ព្រមទាំងព័ត៌មានលំអិតនៃធានារ៉ាប់រងជីវិតដែលពួកគេមានជាដើម។
អនុប្រធានទទួលបន្ទុកកិច្ចការងារឱសថស្ថានរបស់ Amazon លោក TJ Parker បាននិយាយថា ក្រុមហ៊ុនសង្ឃឹមថាសេវាកម្មនេះនឹងអាចផ្លាស់ប្តូរភាពភ័ន្តច្រឡំ និងភាពមិនងាយស្រួលនៃឧស្សហកម្មមួយនេះ។ ពួកយើងធ្វើការយ៉ាងខ្លាំងក្លាដើម្បីធ្វើយ៉ាងណាអាចឲ្យអ្នកដែលចាំបាច់ត្រូវការថ្នាំតាមវេជ្ជបញ្ជានូវជម្រើសជាច្រើនដែលអាចធ្វើការបញ្ជាទិញប្រភេទថ្នាំដែលមានតម្លៃធូរថ្លៃនិងការដឹកជញ្ជូនទាន់ចិត្ត៕