លោក Jeff Bezos បរិច្ឆាគប្រាក់៧៩១លានដុល្លារទៅដល់អង្គការចំនួន១៦ ដើម្បីជួយការពារបរិស្ថានពិភពលោក
អាមេរិក៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon លោក Jeff Bezos បញ្ជាក់ថា លោកបានបរិច្ចាគប្រាក់ប្រមាណ៧៩១លានដុល្លារអាមេរិកទៅដល់អង្គការចំនួន១៦ ដែលមានបេសកកម្មសំខាន់សម្រាប់កិច្ចការងារជួយការពារបរិស្ថានពិភពលោក នេះបើតាមទស្សនាវដ្ដី Forbes នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមរយៈបណ្តាញសង្គម Instagram លោក Jeff Bezos បានបញ្ជាក់ថា លោកបានចំណាយពេលជាច្រើនខែមកហើយ ជាមួយនឹងក្រុមមនុស្សដ៏ឆ្លាតវ៉ៃទាំងនោះ ។ ពួកគេបានប្រើប្រាស់ជីវិតរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួល អាកាសធាតុនៅលើភពផែនដីរបស់យើង… លោកមានមោទនភាពណាស់ចំពោះការងាររបស់ពួកគេ ហើយដូច្នេះលោកនឹងជួយពួកគេដើម្បីសម្រេចផែនការ ។
សូមជម្រាបថា ទឹកប្រាក់មូលនិធិខាងលើនេះ ជាផ្នែកមួយនៃការសន្យាកន្លងមករបស់លោក Bezos ដែលថា នឹងបរិច្ឆាគប្រាក់រហូតដល់១០ពាន់លានដុល្លារអាមេរិក ក្នុងការគាំទ្រពីក្រោយនូវសកម្មភាពការពារបរិស្ថាន និងប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុលើផែនដី ៕


