ជប៉ុន និងអូស្ត្រាលីឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ស្តីពីកតិកាសញ្ញាការពារជាតិទ្វេភាគី
ជប៉ុន៖ ជប៉ុន និង អូស្ត្រាលីឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយជាមួយគ្នា ស្តីពីកតិកាសញ្ញាការពារជាតិទ្វេភាគី មានគោលបំណងសម្រួលដល់កិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធារួមគ្នា នេះបើតាមនាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
បច្ចុប្បន្នជប៉ុន និង អូស្រ្តាលីកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ខណៈប្រទេសទាំងពីរព្រួយបារម្ភពីការកើនឡើង នូវសកម្មភាពកងទ័ពចិន ក្នុងសមុទ្រចិនខាងត្បូង ការធ្វើសមយុទ្ធនៅប្រជុំដែនកោះមានជម្លោះនៅសមុទ្រចិនខាងកើត និងសកម្មភាពរបស់ចិនមកលើប្រទេសដែនកោះប៉ាស៊ីហ្វិកខាងកើត ។
សូមជម្រាបថា កិច្ចព្រមព្រៀងនេះបានចំណាយពេល០៦ឆ្នាំដើម្បីចរចា ហើយចាំបាច់ត្រូវផ្តល់សច្ចាប័នពីសមាជិកសភារបស់ប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងទទួលបានទៅវិញទៅមក ឬ (Reciprocal Access Agreement) នេះដែរ គឺជាក្របខ័ណ្ឌច្បាប់មួយ ដើម្បីអនុញ្ញាតឲ្យយោធាជប៉ុន-អូស្រ្តាលីធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក ព្រមទាំងធ្វើសមយុទ្ធរួមគ្នា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតផងដែរ ៕



