តំណាងកម្ពុជាប្រតិកម្មសេចក្តីរាយការណ៍សិទ្ធិមនុស្សរបស់អ្នករាយការណ៍អង្គការសហប្រជាជាតិ
MC: មន្ត្រីកម្ពុជាតំណាងអង្គការសហប្រជាជាតិក្នុងប្រទេសស្វីស បានប្រតិកម្មតបចំពោះអ្នករាយការណ៍ពិសេស អង្គ ការសហប្រជាជាតិលោកស្រី Mary Lawlor ដែលព្យាយាមការពារក្រុមញុះញង់បង្កចលាចលក្នុងប្រទេស កម្ពុជា ដោយការប្រើស្លាកសិទ្ធិមនុស្ស។ តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិលោកអាន សុខ ខឿន ក្នុងសេចក្តីថ្លែងការណ៍មួយថ្ងៃទី១៦វិច្ឆិកា បានហៅការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសអង្គការ សហ ប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថាជារបាយការណ៍មានភាពលំអៀងនិងជ្រើសរើសតែ មួយជ្រុង
Story:កិច្ចប្រឹងប្រែងទប់ស្កាត់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះក្រុមធ្វើនយោបាយញុះញង់បង្កចលាចលដោយប្រើ ប្រាស់ស្លាកសិទ្ធិមនុស្សជាខែល បានរងនឹងសម្តីរិះគន់របស់លោកស្រី Mary Lawlor ដែលជាអ្នករាយការណ៍ពិ សេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី Mary Lawlor នៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១៦វិច្ឆិកាបានថ្លែងថាលោកស្រីមានការភ្ញាក់ផ្អើលដោយសារតែមាន សេចក្តីរាយការណ៍និយាយថា យ៉ាងហោចមានមនុស្ស២១នាក់ដែលជាអ្នកការពារសិទ្ធិមនុស្សត្រូវបានគេគំរាម, រងការចាប់ខ្លួននិងបានឃុំខ្លួន ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ លោកស្រីបានថ្លែងថាលោកស្រីបានឃើញ រូបភាពនៃការប្រើកម្លាំងសន្តិសុខដែលមនុស្សភាគច្រើនដែលគេរារាំងគឺជាស្ត្រីភេទក្នុងពេលពួកគេជួបជុំដោយ សន្តិវិធី។ លោកស្រីបានថ្លែងថា ការលើកកម្ពស់និងការការពារសិទ្ធិមនុស្សតាមរយៈមធ្យោបាយសន្តិ ភាពមិន មែនជាបទឧក្រិដ្ឋនោះទេ។
សម្តីរិះគន់របស់លោកស្រី Mary Lawlor បានធ្វើឡើងក្រោយកិច្ចប្រឺងប្រែងទប់ស្កាត់របស់រាជរដ្ឋាភិបាលប្រឆាំង នឹងក្រុមធ្វើនយោបាយញុះញង់ បំផុសនូវព័ត៌មានមិនពិតជាប់ទាក់ទងនឹងបញ្ហាព្រំដែនវៀតណាម។ អំពើញុះញង់ របស់ក្រុមបំផុសទាំងនោះ បាននាំឲ្យអាជ្ញាធរចាប់ខ្លួនមេ ខ្លោង២ នាក់ឈ្មោះរ៉ុងឈុន និងសួងសុភ័ណ្ឌ ជាបន្ត បន្ទាប់ ប៉ុន្តែអ្នកការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Mary Lawlor បែរជាថ្លែងចាត់ទុកថាជាអំពើ វិវាទរបស់កសិករដែលត្រូវបានគេរំលោភដីពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនោះទៅវិញ។
កម្ពុជាដែលបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលក្នុងអំពើរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ គឺដោយសារតែការ បំផុសញុះញង់បញ្ហាព្រំដែន ។ ការបំផុសបញ្ហាព្រំដែននោះហើយដែលជាដើមចម ដំបូងនៃការធ្វើឲ្យមានឈ្នួនផ្ទុះ ប្រឆាំងនឹងវៀតណាម។ ក្នុងព្រឹត្តិការណ៍នាអតីតកាលនោះ ក្រុមដែលរៀបចំធ្វើការផ្តួលរំលំ បានចោទថា អតីត ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហនុលក់ដីឲ្យវៀតណាម ដែលបញ្ហាព្រំដែននោះ ក្រោយមកបាន ក្លាយជាឈ្នួនផ្ទុះនៃអំពើរដ្ឋប្រហារបង្កសង្គ្រាមស៊ីវិលឆាបឆេះកម្ពុជា។ បើគ្មាននយោបាយឈ្នះឈ្នះ ដែលនាំមក នូវការបង្រួបបង្រួមគ្នានិង ការនាំមកនូវសន្តិភាពពិតប្រាកដនាចុងឆ្នាំ១៩៩៨របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែននោះទេ ម្ល៉េះកម្ពុជា មិនអាចដឹងថានឹងមានវាសនាអាក្រក់ណាបន្ថែមទៀតបានកើតឡើងនោះទេ។
អំពើញុះញង់ដោយការបំផុសបញ្ហាព្រំដែនដោយវៀតណាមរំលោភបំពាននោះ ត្រូវបានក្រុមធ្វើនយោបាយ ប្រឆាំងបច្ចុប្បន្ន បានយកមកប្រើប្រាស់សាជាថ្មីក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមផ្លាកសិទ្ធិ មនុស្ស។ សេចក្តីថ្លែងការណ៍របស់លោកស្រី Mary Lawlor ថ្ងៃទី១៦វិច្ឆិកា បានរំលេចការព្រួយបារម្ភជុំវិញការចាប់ ខ្លួនមេខ្លោងលោក រ៉ុងឈុន និងមនុស្សពាក់ព័ន្ធ ដែលមន្ត្រីអង្គការសហប្រជាជាតិបានមើលរំលងពីអំពើញុះញង់ នោះ មកជាករណីរំលោភសិទ្ធិមនុស្សទៅវិញ។
តំណាងអចិន្ត្រែយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោកអានសុខ ខឿន ក្នុងប្រតិកម្មតបចំពោះ អ្នករាយ ការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្តែងក្តីសោកស្តាយចំពោះរបាយការណ៍មន្ត្រីសិទ្ធិមនុស្សនោះ និងកម្ពុជាចាត់ទុកថារបាយការណ៍ចោទប្រកាន់ទាំងនោះ គឺជារបាយការណ៍មានភាពលំអៀង ជ្រើសរើសតែមួយ ជ្រុងនិងធ្វើឲ្យមានការខូចខាត, និងជាព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ជាមួយនឹងរាជរដ្ឋាភិបាលឡើយ។
លោក អាន សុខខឿន បានប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា ការចូលរួមជាមួយគណបក្ស នយោបាយឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់បំពានច្បាប់ ដោយ និទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាព ខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។
វិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការចាប់ខ្លួនមេខ្លោងរ៉ុងឈុន និងបក្ខពួក ធ្លាប់ត្រូវបានអង្គការក្រៅរដ្ឋាភិ បាលខុមហ្វ្រែលដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល បានធ្វើការស្ទង់មតិប្រជាជនក្នុងស្រុករួចទៅហើយ ដើម្បីចង់ដឹងថាតើចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានធ្វើទៅលើក្រុមបំផុសទាំងនោះ ជាអំពើខុស ច្បាប់ ឬយ៉ាងណានោះ? ប៉ុន្តែអង្គការខុមហ្វ្រែល មិនហ៊ានយកលទ្ធផលនៃការស្ទង់មតិរបស់ប្រជាជនទាំងនោះ មក បង្ហាញ សាធារណមតិនិងចំពោះអង្គការសហប្រជាជាតិនាពេលនេះឡើយ។
លទ្ធផលនៃការស្ទង់មតិក្នុងខែសីហា បានបង្ហាញលទ្ធផលថាក្នុងចំណោមអ្នកចូលរួមបោះឆ្នោតសារុប ១ម៉ឺន ៣ពាន់៦០០នាក់ លទ្ធផល៧៩ភាគរយបានគាំទ្រចំណាត់ការរាជរដ្ឋាភិបាលដែលចាប់ខ្លួនលោករ៉ុងឈុនលើ បញ្ហារឿងញុះញង់ព្រំដែន,ចំណែក២១ភាគរយទៀត បានបោះឆ្នោតមិនគាំទ្រ។ ប៉ុន្តែលទ្ធផលដែលបង្ហាញការ ពិតនៃការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរនេះ ត្រូវបានគេលាក់មិនឲ្យមន្ត្រីអង្គការសហប្រជាជាតិលោកស្រី Mary Lawlor បានដឹងនោះឡើយ៕