ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅរក្សាដដែល ប៉ុន្តែយើងគោរពយ៉ាងម៉ឺនម៉ាត់នូវវិធានសុវត្តិភាព នៃការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល

ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ នាថ្ងៃអាទិត្យទី៦ ខែធ្នូ ឆ្នាំ២០២០ គឺនៅតែរៀបចំដដែល បើទោះបីឆ្នាំនេះមានតែអ្នករត់ខ្ជង់រយនាក់ក៏ដោយ ប៉ុន្តែយើងត្រូវរៀបចំយ៉ាងម៉ឺនម៉ាត់នូវវិធានការណ៍ការការពារ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។


ឯ ឧ អគ្គលេខាធិការ បន្ថែមថា គណកម្មការនៅតែរក្សាជំហររៀបចំដដែល ដោយគោរព យ៉ាងម៉ឺនម៉ាត់នូវវិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវអោយអ្នករត់ប្រណាំងទាំងអស់ ត្រូវអនុវត្តវិធានការការពារ របស់សុខាភិបាល ដូចជា វាស់កម្តៅ លាងសម្អាតអនាម័យ រក្សាគម្លាតបុគ្គលជាដើម ក្នុងស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩នេះ ។ ដោយឆ្នាំនេះ ទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរ មានអ្នកចូលរួមតែប៉ុន្មានរយនាក់ប៉ុណ្ណោះ មិនដូចឆ្នាំកន្លងទៅ ជាពិសេសគឺឆ្នាំ២០១៩ លើកទី២៤ គឺមានអ្នកចូលរួមរត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ឯណោះ ។


គួរបញ្ជាក់ថា សម្រាប់គម្រោងរៀបចំនាថ្ងៃអាទិត្យទី៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅតំបន់អង្គរ គណកម្មការនឹងរៀបចំឲ្យមានការប្រមូលផ្តុំរត់ជាផ្នែកតូចៗ ចន្លោះ២០ទៅ៣០នាក់ មានចម្លោះសុវត្ថិភាពរត់ជានិមិត្តរូប ហើយពេលរត់មកដល់ទីវិញ គឺបំបែកគ្នា ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏សំខាន់ប្រចាំឆ្នាំធ្លាប់ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មិនអាចលុបចោលបាន ។ ឯ ឧ វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ទិវារត់ប្រណាំងអង្គរ ឆ្នាំ២០២០នេះ មិនមានអ្នកចូលរួមពីក្រៅប្រទេសទេ តែមានអ្នកចូលរួមរត់បរទេស ដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមរត់កម្សាន្តសប្បាយ និងចូលរួមអបអរសាទរនៃខួប លើកទី២៥ ឆ្នាំ នៃទិវារត់ប្រណាំអន្តរជាតិដ៏ទាក់ទាញខ្លាំងបំផុតប្រចាំឆ្នាំរបស់កម្ពុជា ដើម្បីស្វែងរកមូលនិធិជួយ ដល់កិច្ចការសង្គម និងសប្បរសធម៌ ប៉ុន្តែអ្នកចុះឈ្មោះឆ្នាំ២០២០នេះ យើងរក្សាទុកសម្រាប់ឆ្នាំ២០២១វិញ ។


ឯ ឧ វ៉ាត់ ចំរើន ក៏បានសង្កត់ធ្ងន់ដែរថា ក្រោមការចង្អុលបង្ហាញ និងការអនុញ្ញាតពី ឯ ឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យរក្សា ការរៀបចំនេះនៅដដែល ដែលនេះគឺជាទិដ្ឋភាពមួយ ក្នុងការជួយមួយផ្នែកដល់ប្រតិបត្តិករ ទេសចរណ៍ សេវាទេសចរណ៍ សណ្ឋាគារ នៅខេត្តសៀមរាប ។ ឯ ឧ ដាក់ក្តីសង្ឃឹមថា ការរៀបចំទិវាពាក់ កណ្តាល ម៉ារ៉ាតុងអន្តរជាតិអង្គរនេះនឹងជៀសផុតពីការចម្លង នៃការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នៃវិធានការសុខាភិបាល ជាពិសេសគឺការរត់ចេញម្តងម្នាក់ៗ រីឯអ្នកដែលចូលរួមរត់ ទាំងអស់សុទ្ធតែចុះឈ្មោះមានអត្តសញ្ញាណច្បាស់លាស់ ក្នុងការកំណត់មុខសញ្ញា និងការគ្រប់គ្រង ។ នៅសប្តាហ៍ក្រោយនេះ យើងនឹងបើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា និងភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំកម្មវិធីនេះឲ្យរលូន ដែលបង្រួមពីកម្មវិធីធំ ដូចរាល់ឆ្នាំមកនៅតូច នៅក្នុងឆ្នាំ២០២០ ។


នៅមុន១ថ្ងៃនៃទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ ពោលគឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងរៀបចំ ការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅខេត្តសៀមរាបនោះដែរ ដោយមានកីឡាករ កីឡាការិនី ជម្រើស ក្នុងកម្រិតជំនាញបច្ចេកទេសចូលរួមប្រកួតប្រមាណ៣០នាក់ប៉ុណ្ណោះ ដែលនេះ គឺជាការ បង្កើត ឲ្យមានសកម្មភាពកីឡា ប៉ុន្តែយើងមិនប្រមូលផ្តុំនោះទេ ដោយកំណត់ពីចំនួន នៃអ្នក ចូលរួម និងរក្សា គម្លាតសុវត្ថិភាពជាដើម ។
សូមបញ្ជាក់ថា ទិវារត់ប្រណាំអន្តរជាតិអង្គរនេះ បានប្រារព្ធធ្វើឡើងអស់រយៈពេល២៤ឆ្នាំមក ហើយ គិតត្រឹមឆ្នាំ២០១៩កន្លងទៅ ដោយឆ្នាំចុងក្រោយគេទាក់ទាញបានអ្នករត់ជាតិ និងអន្តរជាតិ ជាង១ម៉ឺននាក់ បន្ទាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ១៩៩៦ មានអ្នកចូលរួម ប្រមាណ៦០០នាក់ប៉ុណ្ណោះ ។ ដោយឈរលើគោលបំណងដ៏ចម្បងរបស់ខ្លួន ក្នុងគោលដៅមនុស្សធម៌ ទិវាមួយនេះទទួលបានការគាំទ្រជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៩ ទិវានេះទទួល បានជោគជ័យខ្លាំងជាងគេ ហើយបានបរិច្ចាគថវិកា ដែលបានមកពីការឧបត្ថម្ភ និងការបង់ ថ្លៃចុះ ឈ្មោះចូលរួមជូនដល់អង្គការ មន្ទីរពេទ្យចំនួន៦ ដែលមានថវិកាសរុបចំនួន ១៤៤៦១១ ដុល្លារ សហរដ្ឋអាមេរិក ។ ក្នុងនោះផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរចំនួន ១១១២១១ដុល្លារ, កាកបាទក្រហម កម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥ពាន់ដុល្លារ, Cambodia Trust ៣៦០០ដុល្លារ, Handicap International Belgium ៣០០០ដុល្លារ និងអង្គការបេះដូងមាស សរុប ចំនួន ១១៨០០ដុល្លារ ដែលមានគម្រោងកម្មវិធីរបស់ខ្លួនចំនួន៥ផ្សេងៗពីគ្នា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner