ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា និងក្រុមគ្រួសារសរុប ៤៣នាក់ លទ្ធផលតេស្តចុងក្រោយ គឺអវិជ្ជមាន ពីកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា រួមនឹងក្រុមគ្រួសារសរុប ៤៣នាក់ បានបន្តអវិជ្ជមានមេរោគ កូវីដ១៩ នៅក្នុងការធ្វើតេស្តលើកទី៤ ហើយក៏ជាលើកចុងក្រោយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញ សារពត៌មានថា លទ្ធផលតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងចេញជាបន្តបន្ទាប់រហូតដល់យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការធ្វើតេស្តលើកទី៤ ពិសេស ចុងក្រោយធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺបញ្ចប់តែម្តង ដោយក្រុមគ្រូពេទ្យចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់អស់អ្នកធ្វើតេស្ត។

ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល។ ដើម្បីធានាបានថា មេរោគកូវីដ១៩ មិន ត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យ ដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងតេស្តសុខភាពរកមេរោគចំនួន៤លើក។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល សរុប ៣,៩១៨នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងនោះ អ្នកធ្វើតេស្តលើកទី១ ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន ៨២៥នាក់ និងលើកទី៣ បាន ចំនួន ១,៣៥២នាក់ ៕ដោយ វណ្ណ លុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner