លោក ដូណាល់ ត្រាំ អាចនឹងដកកងទ័ពចេញពីប្រទេសសូម៉ាលី ដែលជាផ្នែកមួយនៃការដកទ័ពជាសកល
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចនឹងដកកងទ័ពស្ទើរតែទាំងអស់ចេញពីប្រទេសសូម៉ាលី ដែលនេះជាផ្នែកមួយនៃការដកកងទ័ពជាសកលមួយ ដោយក្នុងនោះក៏រួមមានទាំងការដកកងកម្លាំងចេញពីប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ផងដែរ នេះបើតាមប្រភពពីមន្រ្តីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ដកស្រង់ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ដំណឹងខាងលើនេះ បានកើតមានឡើងចំពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក គ្រីស្តូហ្វឺ មីលឡឺ ប្រកាសថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់អោយមកនៅត្រឹម២ពាន់៥រយនាក់ដូចគ្នានៅថ្ងៃទី១៥ ខែមករា ដើមឆ្នាំក្រោយ ។
រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានកងទ័ពជិត៤ពាន់៥រយនាក់នៅអាហ្វហ្គានីស្ថាន និងច្រើនជាង៣ពាន់នាក់នៅអ៊ីរ៉ាក់ ហើយការប្រកាសពីគម្រោងកាត់បន្ថយវត្តមានកងទ័ពនេះ ធ្វើឡើងតាមការសន្យារបស់លោក ដូណាល់ ត្រាំ កាលពីយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ៕



