ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងបង្ហាញបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ
អាមេរិក ៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងបង្ហាញឈ្មោះមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីដំបូងរបស់លោក នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នេះបើតាមអគ្គសេនាធិការចម្រុះរបស់លោក បៃដិន គឺលោក រ៉ូន ក្លេន ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អគ្គសេនាធិការចម្រុះរបស់លោក បៃដិន គឺលោក រ៉ូន ក្លេន បានប្រាប់កម្មវិធី “This Week” របស់ទូរទស្សន៍ ABC នៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ”អ្នកនឹងឃើញគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោតដំបូងនៅថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងថាតើពួកគេនរណាខ្លះនោះ អ្នកត្រូវរង់ចាំលោកប្រធានា ធិបតីជាប់ឆ្នោតប្រកាសដោយខ្លួនឯងផ្ទាល់នៅថ្ងៃអង្គារនេះ ។
សូមជម្រាបថា លោក ចូ បៃដិន បានបន្តការរៀបចំខ្លួន ដើម្បីទទួលតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមិនខ្វល់ពីចំណាត់ការរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានជំទាស់ខ្លាំងឡើងពីមន្ត្រីគណបក្សសាធារណរដ្ឋ ព្រោះតែគាត់នៅតែបន្តព្យាយាមទាញបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ ៕