ល្ខោនខោល

ល្ខោនខោល បានចូលក្នុ​ងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ​ នៅទីក្រុង​ព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។

ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០​នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)​។

ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង ស.វទី១០ និយាយពី ល្ខោនមុខខោល ដែលសំដៅទៅលើការពាក់របាំងមុខរាំ ហៅថា មុខខ្មុក

ល្ខោនខោល ត្រូវបានកត់ត្រាដោយលោក ហេនរី មូហត ក្នុងពិធីពិសារភោជនីយអាហារ ជាមួយនិងទស្សនីយភាព ល្ខោនខោល ក្នុងរាជដំណាក់ព្រះបរមរាជវាំង នាក្រុងឧដុង្គជាមួយព្រះបាទ អង្គដួង ក្នុងឆ្នាំ 1856  និងបានចងក្រងក្នុងសៀវភៅលោក Paul Cravath មានឈ្មោះថា Earth in Flower: The Divine Mystery of the Cambodian Dance Drama ចេញផ្សាយឆ្នាំ 2008។

រហូតមកដល់រាជ ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ របាំហ្លួងក្នុងទម្រង់ល្ខោនខោល តែងត្រូវបានយកមកសម្ដែងជាញឹកញាប់ដើម្បីឲ្យក្រុមការទូត ឬ ក្រុមវិទូបារាំងបានទស្សនា ដោយការស្រលាញ់របាំបុរាណខ្មែរ លោក ហ្សក ហ្គ្រូលីយេរ – (George Groslier) បានចងក្រងជាសៀវភៅកំណត់ត្រា “Danseuses cambodgiennes, anciennes & modernes” ឆ្នាំ ១៩១៣ ។  របាំហ្លួងក្នុងទម្រង់ល្ខោនខោល មានន័យថា របាំរបស់ស្ដេចរាំជាទម្រង់សាច់រឿងនៃការពាក់របាំងមុខរាំ ។ ការវិត្តន៍នៃសិល្បៈរបាំរបស់កម្ពុជា គឺផ្សារភ្ជាប់ទៅនិង​ ធម្មជាតិ វណ្ណៈសង្គម និង លទ្ធិសាសនាព្រាហ្មណ៍ ដែលជាសាសនាដើមនា ប្រទេសឥណ្ឌា គឺ ហិណ្ឌូសាសនា ដែលមានទំនាក់ទំនងសាច់រឿងបែបទេវៈកថា បញ្ជូលទៅក្នុងសិល្បៈរបាំរបស់កម្ពុជា ភាពរស់រវើកនៃរបាំរបស់កម្ពុជា បានកត់ត្រាក្នុងកំហេតុលោក ហ្សក ហ្សឺដេស មានចំណងជើងថា (La danse du Cambodge) ក្នុងឆ្នាំ 1944 និងបន្តចេញ ផ្សាយដោយ Paul Cravath មានចំណងជើងថា The Ritual Origins of the Classical Dance Drama of Cambodia ក្នុងឆ្នាំ 1986 [៧] ល្ខោនខោល បានលិចឡើងម្ដងទៀត នាស.វទី២០ ក្នុងរាជ ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ ហើយបន្តក្នុងរាជព្រះបាទ នរោត្ដម សីហនុ ក្នុងឆ្នាំ១៩៤៨ ក្រោយសង្គ្រាមលោកលើកទី២ បន្ទាប់ពីរៀបចំការការហាត់សមល្ខោនខោលឡើងវិញ បន្ទាប់មកទ្រង់បានទៅទស្សនា ល្ខោនខោល របស់វត្តស្វាយអណ្ដែត ខេត្តកណ្ដាល ជាមួយនិងការសំដែងដើម្បីសុំទឹកភ្លៀងនៅក្នុងសហគមន៍ជារៀងរាល់ឆ្នាំ ការយាងទៅទស្សនារបស់ទ្រង់បានចុះផ្សាយក្នុងទស្សនាវដ្ដី (កម្ពុជាសុរីយ៉ា) លើកដំបូង របស់លោក ទេពពិទូរ ឈឹម ក្រសេម ឬ ឧកញ៉ា ក្រសេមគន្ទៈបណ្ឌិត ចុះកាលបរិច្ឆេទ ចុះផ្សាយ ថ្ងៃទី៣ ខែមីនា ក្នុងឆ្នាំ ១៩៤៨  ដែលមានចំណងជើងថា “ល្ខោនខោល វត្តស្វាយអណ្ដែត” ដែលលោកបានបញ្ចាក់ក្នុងអត្ថបទចុះផ្សាយនោះថា ជាទម្រង់ល្ខោន ដែលសម្ដែងបានតែចំពោះរឿងទេវៈកៈថាប៉ុនណោះ ដូចជារឿង រាមកេរ្តិ៍ និង រឿងមួយចំនួនទៀត ក្រោយមកគេបានក៏សាងរូបសំណាក រង្វង់មូល ហនុមានកាច់ក៏យក្ស ក្នុងឆ្នាំ​ ១៩៥៤ ក្រោយទទួលបានឯករាជ្យពីប្រទេសបារាំង ប៉ុន្តែក្រោយមករូបសំណាកនោះបានបាត់ ហើយបានប្ដូរជារូបសំណាករង្វង់មូល សម្ដេចសង្ឃរាជ្យ ជួន ណាត មកដល់បច្ចុប្បន្ននេះ ។ មុខខ្មុក ជាមុខតួអង្គផ្សេងៗគ្នា ធ្វើដោយស្មាច់ក្រដាស ឬ ក្រណាត់ លាបខ្មុកម្រក្សណ៍ ពាក់សំរាប់រាំល្ខោនរបាំងមុខ ខ្មុកជាពុម្ពមុខដែលធ្វើពី ម្រក្សណ៍លាយនិងកម្លោចស្លឹកចេក ឬអ្វីផ្សេងៗដែលប្រើសម្រាប់ចាក់ជាក្បាច់ ឬ លាបលនលើវត្ថុឲ្យរឹងមាំជាប់ជាពុម្ពបានល្អ មិនឲ្យវាជ្រាបទឹកផង និងងាយស្រួលក្នុងការបិទក្បាច់ គូរនិងផាត់ពណ៌ផង។ ពាក្យខ្មុក នេះផងដែរត្រូវបានប្រទះនៅតាមសិលាចារឹកជាច្រើន ជាពិសេសសិលាចារឹក (គ.ស ៩៧៤)។ ល្ខោនខោលសម្ដែងក្នុងរឿងទេវៈកៈថា មហាភារតៈយុទ្ធ, កូរសមុទ្រទឹកដោះ, រាមកេរ្តិ៍ ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner