ក្រុមហ៊ុន៣ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារដល់ពលរដ្ឋជាង២ពាន់នាក់
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ក្នុងការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនទាំង៣រួមមាន៖
ទី១ ក្រុមហ៊ុន EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០២កន្លែង។
ទី២ ក្រុមហ៊ុន SHANDA (CAMBODIA) TEXTILE CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩១៤កន្លែង។
ទី៣ ក្រុមហ៊ុន CHARMGO (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៥១៨កន្លែង៕