ប្រាសាទភ្នំខ្យង លាក់ខ្លួនក្នុងរូងភ្នំមានមនុស្សតិចណាស់បានស្គាល់

ប្រាសាទភ្នំខ្យង មានទីតាំងស្ថិតនៅលើភ្នំខ្យងក្នុងភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ភាគខាងជើងទីរួមស្រុកកំពង់ត្រាច ចម្ងាយ៩គីឡូម៉ែត្រ ក្នុងខេត្តកំពត។ ប្រាសាទនេះមិនសូវមានគេស្គាល់ឡើយដោយសារតែទីតាំងមួយនេះ មិនមានការផ្សព្វផ្សាយទូលំទូលាយ។

លោក លន់ រមនា ប្រធានការិយាល័យវប្បធម៌ស្រុកកំពង់ត្រាច បានរៀបរាប់ថាមនុស្សភាគតិចណាស់ដែលបានស្គាល់និងមកលម្ហែកម្សាន្ត នៅប្រាសាទភ្នំខ្យង ព្រោះតែការផ្សព្វផ្សាយមិនមានភាពទូលំទូលាយដូចបណ្តាមណ្ឌលកម្សាន្ត ឬទីតាំងប្រវត្តិសាស្ត្រនានា។ម្យ៉ាងទៀតប្រាសាទនេះ មានទីតាំងនៅកណ្តាលកូនភ្នំស្ថិតក្នុងចន្លោះរូងតូចចង្អៀត ពោលគឺបើមិនមានអ្នកនាំផ្លូវទេនោះមិនអាចរកឃើញឡើយ។ព្រោះតែស្ថិតក្នុងទីអាថ៌កំបាំងបែបនេះមួយខែៗ ភ្ញៀវច្រើនបំផុតមានត្រឹមពី២០នាក់ទៅ៣០នាក់ប៉ុណ្ណោះ។

លោកបន្តថាប្រាសាទភ្នំខ្យងមានសិវលិង្គពីធម្មជាតិនៅចំណុចកណ្តាល។សម្រាប់អ្នកស្រុកបានចាត់ទុកប្រាសាទភ្នំខ្យង ជាទីសក្ការៈដ៏ស័ក្តិសិទ្ធិសម្រាប់ការបន់ស្រន់ប៉ងប្រាថ្នាអ្វីមួយតាមផ្លូវសុចរិត។ជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើពិធីបង្សុកូលឧទ្ធិសកុសល ជូនដល់ញាតិសន្តានទាំងឡាយដែលបានចែកឋានដោយពុំដែលអាក់ខានឡើយ។

ពាក់ព័ន្ធនឹងកិច្ចការថែរក្សានិងអភិរក្សវិញលោក លន់ រមនា បានប្រាប់ឱ្យដឹងថាក្រោមការយកចិត្តទុកដាក់របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពតទីបូជនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ ទើបត្រូវបានសាងសង់ជណ្តើរឡើងចំនួន១១៥កាំ បត់បែនតាមជម្រាលចង្កេះភ្នំមុននឹងចូលដល់ផ្លូវចុះចូលទៅដល់រូងប្រាសាទ។ជាមួយគ្នានេះ មន្ទីរក៏មានឆ្មាំដាក់ប្រចាំការសម្រាប់សម្អាតថែទាំ និងរង់ចាំណែនាំភ្ញៀវពេលមកលម្ហែកម្សាន្ត ឬចូលធ្វើពិធីបួងសួងណាមួយ។

លោកប្រធានការិយាល័យបញ្ជាក់ថា ក្នុងមួយខែៗមន្ត្រីការិយាល័យវប្បធម៌ស្រុក តែងតែចុះពិនិត្យតាមដានបីដងព្រមទាំងបានផ្សព្វផ្សាយជាប្រចាំ ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញក្នុងការចូលរួមអភិរក្សសម្បត្តិវប្បធម៌ជាតិនេះ។

ប្រាសាទភ្នំខ្យង ស្ថិតក្នុងរូងជម្រៅប្រមាណជាង៦ម៉ែត្រពីកំពូលភ្នំ ដោយត្រូវឆ្លងកាត់មាត់ច្រកតូចៗ មានជណ្តើរឥដ្ឋជាថ្នាក់ៗ។ប្រាសាទនេះសាងសង់នាអំឡុងសតវត្សរ៏ទី៦ ដើមសតវត្សរ៏ទី៧ នៃគ្រិស្តសរាជ ពោលគឺស្ថិតក្នុងអន្តរកាលរវាងសម័យវប្បធម៌នគរភ្នំ និងចេនឡា។ដោយបែរមុខទៅទិសខាងលិចប្រាសាទភ្នំខ្យង មានលក្ខណៈស្រដៀងទៅនឹងប្រាសាទអាស្រមមហាឥសីនៅភ្នំដា ខេត្តតាកែវ និងអាស្រមមហាឥសីនៅភ្នំហាន់ជ័យ ខេត្តកំពង់ចាម។ នៅកណ្តាលនៃតួប្រាសាទមានសិវលិង្គធម្មជាតិមួយដុះចេញពីបាតភ្នំ។វត្តមានរបស់លិង្គថ្មធម្មជាតិនេះតាមជំនឿរបស់អ្នកស្រុកគឺធើ្វឱ្យប្រាសាទនេះមានភាពស័ក្តិសិទ្ធិបំផុត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner