អាល្លឺម៉ង់ត្រៀមជំនួសរថភ្លើងប្រើប្រាស់ថាមពលអុីដ្រូសែននាពេលអនាគត

បរទេស ៖ នៅថ្ងៃនេះក្រុមហ៊ុន Banh ដែលជាប្រតិបត្តិករអយស្ម័យានរបស់ប្រទេសអាល្លឺម៉ង់ព្រមជាមួយនឹងក្រុមហ៊ុន Siemens បានប្រកាសអំពីផែនការធ្វើតេស្តរថភ្លើងដើរដោយថាមពលអុីដ្រូសែនដែលអាចនឹងធ្វើដំណើរបានក្នុងចំងាយដល់ទៅ 370 ម៉ាយ។

ក្រុមហ៊ុនក៏បានអះអាងដែរថានឹងប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតឲ្យបានច្រើនបំផុត និងក្នុងផែនការដើម្បីបញ្ចប់ការប្រើប្រាស់រថភ្លើងដែលប្រើប្រាស់ថាមពលម៉ាស៊ូតទាំង 1300 គ្រឿងឲ្យបាននាពេលអនាគត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ទៀតថាការធ្វើតេស្តរថភ្លើងបច្ចេកវិទ្យាថ្មីនេះនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំ2024 ក្នុងរយៈពេល 1 ឆ្នាំ។ រថភ្លើងដែលមានទូចំនួន 2 នេះក៏ត្រូវបានគេដឹងដែរថាអាចធ្វើដំណើរបានក្នុងល្បឿនដល់ទៅ 160 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសមត្ថភាពជាពិសេសគឺអាចសាកថាមពលពេញប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។

តាមផែនការរថភ្លើងដែលត្រូវបានគេស្គាល់ឈ្មោះថា Mireo Plus H នឹងត្រូវធ្វើដំណើររវាងទីក្រុងចំនួន 3 របស់អាល្លឺម៉ង់នៅក្នុងរដ្ឋ Baden-Wurttemberg ហើយតាមលើកឡើងរបស់ក្រុមហ៊ុនបានបង្ហាញដែរថារថភ្លើងប្រើប្រាស់អុីដ្រូសែននឹងអាចជួយឲ្យអាល្លឺម៉ង់កាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតដល់ទៅ 330 តោនក្នុងមួយឆ្នាំ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner