អាមេរិកផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន60ម៉ឺនដុល្លារ ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់នៅកម្ពុជា

តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) សហរដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៌បន្ថែម ចំនួន 600,000 ដុល្លាអាមេរិក សម្រាប់ជួយដល់ការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់ និងភ្លៀងខ្លាំងដែលមានពីដើមខែតុលា ឆ្នាំ2020កន្លងមក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលបានធ្វើឡើងកាលពី ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020 ក្នុងកម្មវិធីផ្ដល់ជំនួយបន្ថែមនេះ.

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «យើងមានការអាណិតអាសូរដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើន មានការខ្វះខាតដោយសារតែគ្រោះទឹកជំនន់នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែមក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះ ទឹកជំនន់ទាំងនេះ»។

រូបភាព៖ គ្រោះទឹកជំនន់កាលពីពេលកន្លងទៅថ្មីៗនេះ

លោកបានបញ្ជាក់ថា ជាមួយនឹងថវិកាបន្ថែមនេះការិយាល័យផ្តល់ជំនួយមនុស្ស ធម៌របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ដើម្បីជួយគ្រួសារចំនួន 3,725គ្រួសារ ដែលរងផលប៉ះពាល់ដើម្បីឱ្យគេ ទិញស្បៀងអាហារ។ ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន 100,000 ដុល្លារ ដែលទីភ្នាក់ងារ USAID បានផ្តល់ឱ្យដំបូងដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមសម្រាប់ជួយក្នុងការចែក ចាយស្បៀងជាបន្ទាន់ដល់គ្រួសារចំនួនជាង 2560 គ្រួសារនៅខេត្តពោធិ៍សាត់ក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ។

រូបភាព៖ គ្រោះទឹកជំនន់កាលពីពេលកន្លងទៅថ្មីៗនេះ

តំណាងអង្គការស្បៀងអាហារពិភពលោក(WFP) លោកស្រី Claire Conan បានមានប្រសាសន៍ថា ៖ « ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ស្តារស្ថានភាព រងគ្រោះទាំងបញ្ហាគ្រោះជំនន់ ទាំងបញ្ហាជំងឺរាតត្បាតជាសកលកូវីដ-19។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលនិងដៃគូនៅក្នុងដំណាក់កាលថ្មីនេះនៃការឆ្លើយ តបនឹងគ្រោះទឹកជំនន់»។

អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ចំពោះការជួយនេះបានរួមចំណែកធ្វើឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អាចតាមដានហានិភ័យនិងផលប៉ះពាល់នៅពេលមានគ្រោះទឹកជំនន់ ហើយអាច កៀរគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតបនៅតាមតំបន់ដែលរងផលប៉ះពាល់។

លោកស្រីបានលើកឡើងថា ដោយមានជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៌ដោយជួយធ្វើការសម្របសម្រួលឆ្លើយតបនឹងគ្រោះទឹកជំនន់នៅក្នុងវិស័យនានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទឹកជំនន់នៅក្នុងពេលមានវិបត្តិកើតឡើង។

សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០០ ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត 13 លានដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យសម្រាប់ការត្រៀមបម្រុងនិងសម្រាប់ការឆ្លើយតប នឹងគ្រោះមហន្តរាយនៅកម្ពុជា។ ក្នុងឆ្នាំ2020នេះ សហរដ្ឋអាមេរិក កំពុងធ្វើការរម្លឹកខួបលើកទី70 នៃ ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner