នៅថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ និងមានអ្នកជាសះស្បើយ២នាក់បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៥វិច្ឆិកានេះ បានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ នៅថ្ងៃ២៤វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ២៥វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៧នាក់។

អ្នកឆ្លងថ្មីនោះ ជាបុរសជនជាតិនេប៉ាល់អាយុ៣៧ឆ្នាំ មានអស័យដ្ឋាននៅសសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ បានាធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅទីក្រុងដូហា ប្រទេសកាតា និងបានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ១១វិច្ឆិកាឆ្នាំ២០២០។ អ្នកដំណើររូបនោះ ធ្លាប់មានវិជ្ជមានវីរុសកូវីដ-១៩ កាលពីនៅប្រទេសនេប៉ាល់នៅថ្ងៃ១៩តុលាឆ្នាំ២០២០ និងបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅពេលនោះ។

នៅថ្ងៃទី២ និងទី៨វិច្ឆិកាឆ្នាំ២០២០ បុរសរូបនោះ បានធ្វើតេស្ដឡើងវិញដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងពីរលើក។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ថ្ងៃដែលបានមកដល់កម្ពុជា គាត់បានធ្វើតេស្ដដោយទទួលបានលទ្ធផលនៅថ្ងៃស១២វិច្ឆិកាឆ្នាំ២០២០ អវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ។

លទ្ធផលតេស្ដនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនោះ ត្រូវនឹងថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២០ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ហើយបុរសនេប៉ាល់រូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅថ្ងៃ២៥វិច្ឆិកានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយចំនួន២នាក់។

អ្នកជាសះស្បើយចំនួន២នាក់នោះ គឺម្នាក់ជាបុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងម្នាក់ទៀតជាបុរសជនជាតិអាមេរិកកាំង អាយុ៦៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតមកដល់ថ្ងៃ២៥វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៩៨នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner