ប្រវត្តិល្ខោនស្រមោលស្បែកធំ ថ្ងៃនេះជាខួប១៥ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូ

ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

សិល្បៈល្ខោនស្បែកធំ  មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ខាងលើនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧ ។ ​

ហេតុនេះហើយ​ទើប​សក្ខីកម្ម​នៃ​ល្ខោនស្បែក​នេះ ដែល​គេ​ហៅថា ល្ខោន​អាយ៉ង ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​មួយចំនួន​នា​សម័យ​ក្រោយ​អង្គរ ។​ ​គេ​ឃើញ​មានការ​សម្តែង​នូវ​ល្ខោនស្បែក​ធំ​នេះ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅ​ខេត្តសៀមរាប​អង្គរ ដូច​ជាការ​បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន​មហាជន​ច្រើន​កុះករ​ចូលរួម ។ 

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ  គឺជាសិល្បៈមួយ មានប្រវត្តិនៅពេលព្រហ្ម សាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។

តើ​ល្ខោន​ស្រមោល​ស្បែ​កមាន​ប្រភព​ចេញពី​ណា​មក ?

ក្រោយ​សតវត្ស​ទី​១៣ ជនជាតិ​ជិតខាង​ខ្លះ​បាន​យល់ច្រឡំ​ថា សិល្បៈ​ស្បែក​ខ្មែរ​ដែល​ប្រជាជន​ខេត្តបាត់ដំបង​តែង​ហៅថា ’​ណាំងស្បែក​” នោះ​គឺ មានកំណើត​ចេញពី​ប្រទេស​ថៃ ។ ដូច​ករណី​នៃ​ល្ខោន​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរដែរ ការ​ស្រាវ​ជ្រាវរបស់​យើង ដើម្បី​ឲ្យ​ដឹងថា សិល្បៈ​ស្បែក​ខ្មែរ​មាន​ប្រភព​ចេញពី​ពេលណា​មក បានធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​ជ្រះស្រឡះ​មួយ ។ សិល្បៈ​ស្បែក​ខ្មែរ​នេះ ត្រូវបាន​នាំចូល​ពី​ឥណ្ឌា​នៅ​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ពោលគឺ​សិល្បៈ​ស្បែក​មានកំណើត​ចេញពី​​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ។ កេរ្តិ៍មរតក​សិល្បៈ​ស្បែក​ខ្មែរ​នេះ មាន​អាយុកាល​ប្រមាណ​២០០០​ឆ្នាំ​មកហើយ ដែល​សូម្បីតែ​ជនជាតិខ្មែរ​ខ្លួនឯង ក៏​សឹងតែ​ពុំបាន​ដឹង​ច្បាស់​នាពេល​កន្លងមក​ផង ដោយសារតែ​ខ្វះ​ឯកសារ ។

ឯ​ជនជាតិ​ប្រទេសជិតខាង​ខ្លះ​ក៏បាន​លើកយក​មរតក​សិល្បៈ​ខ្មែរ​នេះ ថា​ជា​របស់​ជាតិ​សាសន៍​របស់ខ្លួន​ក៏មាន​ដូចជា​ជនជាតិ​ថៃ ឬ​ជនជាតិ​ម៉ា​ឡេ​ជាដើម ។ តែ​ទោះ​យ៉ាងណាក៏ដោយ​ការស្រាវជ្រាវ​នាពេល​ក្រោយៗ​នេះ បន្ទាប់ពី​ស្រុកទេស​បានបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទៅ ទើប​បានដឹង​ច្បាស់​ថែម​ទៀតថា សិល្បៈ​ស្បែក​ខ្មែរ​មានកំណើត​នា​ដើម​សតវត្ស​ទី​១ ដែលមាន​លំហូរ​ចូល​ពី​ប្រភព​ប្រទេស​ឥណ្ឌា​មក ។ 

​សិល្បៈ​ស្បែក​នេះ​ដំបូង​ឡើយ មាននៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ដែលជា​សិល្បៈ​ធ្វើឡើង​សម្រាប់​ជា​តង្វាយ​ដល់​ព្រះអាទិទេព​ដ៏​មាន​ មហិទ្ធិឫទ្ធិ​របស់​ឥណ្ឌា ។ តង្វាយ​សិល្បៈ​ស្បែក​នេះ ជាការ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន និង​សិរី​មង្គល​សម្រាប់​ប្រជាជន​ឥណ្ឌា ។​ 

ការកកើតឡើង​នូវ​សិល្បៈ​ស្បែក​នេះ លើទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​បំផុត​ដោយ​ឥណ្ឌា​រូបនីយកម្ម​នា​ដើម​ សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ។ ក្នុងពេល​មាន​លំហូរ​ចូល​សិល្បៈ​ស្បែក​បែបនេះ​មក​ក្នុងប្រទេស​ខ្មែរ នៅឯ​ប្រទេស​ឥណ្ឌា​មាន​សិល្បៈ​ស្បែក​នេះ​ពាសពេញ ដូចជា​ស្រុក​ប៉ី​ជ​បូរ​, បៃ​លា​រី​, ជិ​ត្រ​ទូ​គ៌ា​, រី​ង្គា​ឡ័​រ​មី​ស័​រ​, ស្សី​ភេ​គ​, ម័​ង​ឌី​យ៉ា​, ទុប​កូរ និង​ស្រុក​នាតកា​ដែល​សិល្បៈ​ស្បែក​នេះ​មាន​លក្ខណៈ​ស្រដៀង​ដូច​សិល្បៈ​ស្បែក​ ខ្មែរ​បច្ចុប្បន្ន​នេះដែរ ។​​

សូម​ជម្រាប​បន្ថែមថា ភាពស្រដៀងគ្នា​រវាង​សិល្បៈ​ស្បែក​ខ្មែរ និង​ឥណ្ឌា​នេះ​ជាការ​បញ្ជាក់ថា សិល្បៈ​ស្បែក​ទាំងពីរ​នេះ សុទ្ធ​តែមាន​ភាពចំណាស់​នៃ​ប្រវត្តិ​របស់​វា​នៅក្នុង​ប្រទេស​នីមួយៗ​យ៉ាងពិត​ ប្រាកដ  ហើយ​សិល្បៈ​ស្បែក​នេះ​ក៏​នៅតែ​បន្ត​ថែរក្សា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ ទៀត ក្រោយពី​បាន​ជះឥទ្ធិពល​លើ​ណាំង​ថៃ​នា​សម័យ​សុខោទ័យ និង​អាយុ​ធ្យា ។​ ​ជារួម​ដូច​ប្រទេស​ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីដែរ សិ​ល្បៈ​ស្បែក​ខ្មែរ ពិត​ជាមាន​ប្រភព​ចេញពី​ឥណ្ឌា​យ៉ាង​ប្រាកដ ៕ ប្រភព៖ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner