ក្រសួងទេសចរណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុត

យោងតាមការផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃ២៦វិច្ឆិកាឆ្នាំ២០២០នេះ បានបញ្ជាក់ថា ឆ្នាំ២០២០ ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់មកទស្សនា និងរស់នៅ ដោយមានស្ថាប័ន និងក្រុមហ៊ុនអន្តរជាតិមួយចំនួនបានធ្វើការបង្ហាញ។ ក្រសួងទេសសចរណ៍បានបង្ហាញថា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាមេរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង១០សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក (Top 10 Friendliest Countries in the World to Move To)។

ទិន្នន័យដែលក្រុមហ៊ុនទទួលពីការស្រាវជ្រាវបានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាគោលដៅដ៏ល្អបំផុត ដោយមានប្រជាជនរួសរាយរាក់ទាក់ និងដំណើរកម្សាន្តដែលមានតម្លៃសមរម្យ។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី (Five of the safest places to visit in Asia) ដោយកម្ពុជាត្រូវបានជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថាជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែបសាសនាដ៏សម្បូរបែប។

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០ (International Travel Award 2020) ដោយសមាគមអ្នកនិពន្ធទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Area Travel Writers Association) ដែលមានស្នាក់ការនៅប្រទេសឥណ្ឌា ដោយបានចាត់ទុក “កម្ពុជាគឺជា គោលដៅដ៏ល្អបំផុតសម្រាប់បេតិកភណ្ឌវប្បធម៌” (Cambodia-Best Destination for Heritage)។

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនអន្តរជាតិ Big 7 Travel បានចុះផ្សាយពីគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ការសម្រាកលំហែចំនួន ៧ កន្លែង លើពិភពលោក (The 7 Most Relaxing Locations In The World) ដោយខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក៏ជាកន្លែងមួយក្នុងនោះផងដែរ។ បើយោងតាមព័ត៌មានរបស់វេបសាយ Big 7 Travel បានបង្ហាញថា សៀមរាបជាទីក្រុងស្ងប់ស្ងាត់ដ៏សែនមនោរម្យ ដោយមានរមណីយដ្ឋាន និងប្រាសាទដ៏ទាក់ទាញជាច្រើនកន្លែង ជាពិសេសប្រាសាទអង្គរវត្ត។

ក្រសួងទេសចរណ៍បានចាត់ទុក ការផ្តល់នូវចំណាត់ថ្នាក់ទាំងនោះ បានបង្ហាញអំពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner