ប្រជាជនអាម៉េរិកប្រមាណ១.៥លាននាក់បន្ថែមទៀតដាក់ពាក្យសុំជំនួយអត់ការងារ អំឡុងវិបត្តិ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ក្រសួងការងារអាម៉េរិករាយការណ៍ថ្មីៗនេះថា មានពលរដ្ឋអាម៉េរិក១.៥ លាននាក់ដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារធ្វើកាលពីសប្តាហ៍មុន ដែលជាចំនួនទាបបំផុតក្នុងរយៈពេល៣ខែមកនេះ ស្របពេលដែលអាជីវកម្មកាន់តែច្រើនចាប់ផ្តើមបើកទ្វារឡើងវិញ បន្ទាប់ពីបិទដោយសារ COVID-19 នេះបើតាមសារព័ត៌មាន AP ។

ចំនួនអ្នកបាត់បង់ការងារថ្មីនេះធ្វើឲ្យចំនួនសរុបចាប់តាំងពីវិបត្តិ COVID-19 នៅសហរដ្ឋអាម៉េរិក កាលពីពាក់កណ្តាលខែមីនាមក កើនឡើងដល់ចំនួនសរុប៤៤លាននាក់ ឬស្មើនឹងជាង១ភាគ៤ នៃពលរដ្ឋអាម៉េរិកពេញវ័យធ្វើការសរុប១៦៤.៦លាននាក់ ។ ប៉ុន្តែចំនួនអ្នកទទួលជំនួយរដ្ឋជាក់ស្តែងនៅពេលនេះ បានធ្លាក់ចុះដល់២០.៩លាននាក់វិញ ដោយមនុស្សរាប់លាននាក់បានត្រឡប់ទៅធ្វើការវិញ ។

ទោះបីចំនួនអ្នកអត់ការងារថ្មីប្រចាំសប្តាហ៍ បានធ្លាក់ចុះអស់១២សប្តាហ៍ក្តី ក៏មន្ត្រីខាងសេដ្ឋកិច្ចសំខាន់ៗបានទស្សន៍ទាយថា ការរើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកក្រោយវិបត្តិ COVID-19 នឹងត្រូវការរយៈយូររហូតដល់ឆ្នាំ២០២១ខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner