អភិបាលខេត្តមណ្ឌលគីរី ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាល ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាពនិងតម្លាភាព
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ថ្លែងដូចនេះក្នុងពិធីផ្សព្វផ្សាយ ដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលខេត្ត ស្ថិតក្រោមរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរាជការ នៃសុខាភិបាលខេត្តមណ្ឌលគិរីជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្ត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ បាលខេត្តផ្ទាល់ ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរសិទ្ធ និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខមាលភាពប្រជាជនអោយដល់មូលដ្ឋាន។ ឯកឧត្តម បានបញ្ជាក់ថា គោលបំណង ដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹង ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាល ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង រាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍៕ដោយ ពលៈ