ចំនួនអ្នកស្លាប់ដោយសារពុលស្រាថ្នាំកើនដល់៧នាក់, រងការជួយសង្គ្រោះ៣៣នាក់
ចំនួនអ្នកពុលស្រាថ្នាំស្លាប់នៅក្នុងខេត្ដបន្ទាយមានជ័យបានកើនដល់៧នាក់ហើយ និងអ្នកកំពុងទទួលការជួយ សង្គ្រោះព្យាបាលនៅមន្ទីរពេទ្យមានចំនួន៣៣នាក់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក អឿន បូរារ័ត្នន៍ បានថ្លែងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីអ្នកពុលស្រាថ្នាំចិនសែតាំងគួយនៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតទាំងនោះ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅ ក្នុងស្រុកមង្គលបុរី ចំនួន៩នាក់, នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំនួន២០នាក់, នៅមន្ទីរពេទ្យខេត្ត សៀមរាប២ នាក់ និង២ករណីទៀតដែលមិនមានរោគសញ្ញាធ្ងន់ធ្ងរ កំពុងតាមដានសុខភាពនៅផ្ទះរបស់ពួកគេ។ មន្ត្រីក្រសួងសុខាភិបាល បានបូកសារុបថាចំនួនអ្នកស្លាប់និងអ្នកពុលដោយសារស្រាថ្នាំចិនសែនោះ មានសារុប ចំនួន៤០ នាក់។ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះប្រមូលស្រាថ្នាំចិនសែតាំងគួយតាមទីផ្សារនិងកន្លែងលក់ នានានៅទូទាំងខេត្តនាពេលនេះ បានចំនួន ១ម៉ឺន៦ពាន់ដបនិងបនុ្តចុះប្រមូលតាមកន្លែងដទៃថែមទៀត។