ស្ត្រីលក់ផ្កាម្នាក់ ត្រូវរថយន្តដឹកខ្សាច់កិនស្លាប់នៅក្បាលថ្នល់
ភ្នំពេញ៖ ស្ត្រីម្នាក់ជាអ្នកលក់ផ្កា ខណៈកំពុងជិះម៉ូតូបំរុងបត់ត្រឡប់ក្រោយ ស្រាប់តែត្រូវរថយន្តដឹកខ្សាច់បេីកមកបុកពីក្រោយ និងកិន ស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អេីល និងកក់ស្ទះចរាចរណ៍ដល់អ្នកដំណេីរ កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ អែម ឡី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ផ្កា ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកគុបមូល ពណ៍ខៀវ ពាក់ស្លាកលេខ ខ០៩៨៨ កណ១ ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បង្អង់ម៉ូតូបំណងបត់ឆ្វេងឆ្លងផ្លូវទៅខាងក្រោយវិញ ភ្លាមនោះស្រាប់តែមានរថយន្តបែនដឹកខ្សាច់ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3F 0210 ធ្វេីដំណេីរមកពីក្រោយក៏បុកហេីយកិនទាំងម៉ូតូ និងស្ត្រីរងគ្រោះបណ្តាលស្លាប់តែម្តង ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានចុះពីលេីរថយន្តរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ និងទាក់ទងទៅជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់ ដោយឡែកសពត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា