សារព័ត៌មាន The Wall Street Journal រាយការណ៍ថា Facebook នឹងចំណាយប្រាក់១ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន «Kustomer»
អាមេរិក៖ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន បណ្តាញសង្គមលំដាប់ពិភពលោក Facebook នឹងធ្វើការចំណាយប្រាក់១ពាន់លានដុល្លារ ដើម្បីទិញយក «Kustomer» ជាក្រុមហ៊ុនផ្ដល់សេវាកម្មអតិថិជនតាមប្រព័ន្ធអនឡាញថ្មីមួយ ។
បើតាមសារព័ត៌មានរ៉យទ័រ ប្រសិនបើ Facebook ទិញក្រុមហ៊ុន Kustomer មែននោះ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ នឹងពង្រីកការផ្ដល់សេវាកម្ម និងការសន្ទនាជាមួយអ្នកប្រើប្រាស់បន្ថែមទៀតនៅក្នុងកម្មវិធី Facebook Messenger និង Instagram ។
ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុន Facebook ក៏នឹងដាក់ចូលសេវាកម្មថ្មីនេះ ទៅកាន់កម្មវិធី WhatsApp ផងដែរ ខណៈ WhatsApp កំពុងតែសាកល្បងក្នុងការលក់ទំនិញតាមអនឡាញនៅលើកម្មវិធីរបស់ខ្លួន ៕


