អ្នកជំនាញអាមេរិកបញ្ជាក់ថា ចិនផ្តល់វ៉ាក់សាំង Covid-19 ដល់មេដឹកនាំកំពូលកូរ៉េខាងជើង
ចិន៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូនេះថា ចិនបានផ្តល់វ៉ាក់សាំង COVID-19 ទៅអោយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមគ្រួសាររបស់លោកផងដែរ នេះបើតាមអ្នកជំនាញអាមេរិក ដែលដកស្រង់ដោយប្រភពចំនួនពីរបានមកពីក្រុមស៊ើបការណ៍សម្ងាត់ជប៉ុន (មិនបញ្ចេញអត្តសញ្ញា ណ) ។
អ្នកជំនាញអាមេរិកឈ្មោះ ហារី កាហ្ស៊ីយ៉ានីស គឺជាអ្នកដែលបានទទួលប្រភពពីក្រុមស៊ើបការណ៍សម្ងាត់ជប៉ុនខាងលើនេះ បានបញ្ជាក់ចេញពីរដ្ឋធានីវ៉ាស៊ីនតោនថា លោក គីម ជុងអ៊ុន និងក្រុមគ្រួសារលោក ព្រមទាំងមន្ត្រីកំពូលៗរបស់កូរ៉េខាងជើងផងដែរ បានចាក់វ៉ាក់សាំង COVID-19 របស់ចិននោះរួចហើយ ។
ប៉ុន្តែប្រភពខាងលើមិនទាន់អាចបញ្ជាក់បានទេ ថាតើវ៉ាក់សាំងដែលចិនបានផ្តល់អោយកូរ៉េខាងជើងនោះ ជាបេក្ខភាពវ៉ាក់សាំង ឬក៏ជាវ៉ាក់សាំងដែលទទួលបានការអនុម័តប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។ ទន្ទឹមគ្នា ទាំងចិន និង កូរ៉េខាងជើងនៅមិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះការអះអាងដោយអ្នកជំនាញខាងលើនេះនៅឡើយទេ ៕


