កម្មវិធីកុមាររៀនកុមារចេះ លើកកម្ពស់គុណភាពអប់រំមូលដ្ឋានសម្រាប់កុមារកម្ពុជា

អត្ថបទដោយ៖
ហេង សុវណ្ណ

ភ្នំពេញ៖ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរ ក្រ​សួងបានដាក់ឱ្យអនុវត្តកម្មវិធីសិក្សាមួយសម្រាប់កុមារ គឺកុមាររៀនកុមារចេះ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពអប់រំកុមារកម្រិតបឋមសិក្សា ដែលជាមូល​ដ្ឋា​ន​គ្រឹះមួយទ្រទ្រង់ការរៀនអក្សរនិងលេខរបស់កុមារ ព្រមទាំង​ការបង្រៀននៅកម្រិតសិក្សាថ្នាក់បន្តបន្ទាប់។

កម្មវិធី «កុមាររៀនកុមារចេះ» ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពា​ក់​ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវនៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្ល​ង​មក​។​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រ​សា​សន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុមារនេះថា៖ “យើងទាំងអស់គ្នាត្រូវធានាឱ្យបានថា នៅគ្រប់សាលារៀនក្នុងប្រទេសកម្ពុជា កុមាររៀនកុមារចេះ”។

កុមាររៀនកុមារចេះ បង្កើត​ដោយក្រសួងអប់រំ យុវជន និងកីឡា និង​មានការ​ចូលរួម​ពីអង្គការក្រៅរដ្ឋាភិបាលចំនួន​ 15ស្ថាប័ន។ កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅ​ប​ឋមសិក្សា នៃកម្មវិធីកុមាររៀនកុមារចេះ រួមមាន សៀវភៅណែនាំសម្រាប់គ្រូ ឯកសារបង្រៀ​​ននិងរៀនសម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី1 និងទី​2។ ឯកសារទាំងនេះ នឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សាគោលដែលមាន​ស្រាប់​ ប្រើប្រាស់ដោយលោកគ្រូអ្នកគ្រូជាង២ពាន់នាក់ និងបានផ្តល់អត្ថប្រយោជន៍ដល់សិស្សជាង15 ម៉ឺននាក់។

ក្រសួងអប់រំបានឱ្យដឹងថា គ្រូបង្រៀនថ្នាក់ទី1 និងទី2 ទាំងអស់ទទួលបានការបណ្ដុះបណ្ដាល និងការណែនាំអំពីវិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការបង្រៀនពីគ្រូបង្វឹក និងអ្នកផ្តល់ប្រឹក្សាគរុកោសល្យអំពីវិធីសាស្ត្របង្រៀនថ្មីនេះ។

កម្មវិធីកុមាររៀនកុមារចេះ តម្រូវឱ្យសិស្សថ្នាក់ទី1 រៀនបំណិនអំណា​នមូលដ្ឋាន ដូចជា ការអានអក្សរ ការផ្សំប្រកបដើម្បីអានពាក្យ អានល្បះ និងអត្ថបទងាយៗ និងការសរសេរ។ ចំពោះការរៀនគណិតវិទ្យា កុមារត្រូវរៀនលេខ រូបរាងធរណីមាត្រ និងមូលដ្ឋាននៃការគណនាជាដើម។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ2020កន្លង ទៅក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តកម្មវិធី កុមាររៀនកុមារចេះ​ ជាសាធារណៈនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ កម្មប្រកាសនេះ មានវត្តមានចូលរួមពីតំណា​ងអង្គភាពក្រោមឱវាទ អង្គការដៃគូអភិវឌ្ឍន៍ និងតំណាងស្ថាប័នពាក់ព័ន្ធ ប្រមាណជាង 200នាក់។

គិតត្រឹមក្នុង​ឆ្នាំ​សិក្សា​ 2019-2020​ កម្មវិធី​កុមារ​រៀន​កុមារ​ចេះ ​ត្រូវ​បាន​អនុវត្ត​ក្នុង​សាលា​បឋម​សិក្សា​មួយចំនួន ​ស្ថិត​ក្នុង​ខេត្តកំពង់ធំ​ សៀមរាប​ ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ កំពត​ និង​ឧត្តរមានជ័យ​ ព្រមទាំង​​សាលារៀន​ចំនួន130​ ផ្សេងទៀតនៅ​តាម​បណ្តា​ខេត្ត​ដទៃ​​ កំពុង​អនុវត្ត​ដោយ​អង្គការ​ដៃគូ​នានា​។​

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner