ឃ្លាស្វីតៗទាក់ទងនឹងម្ហូបទាំងនេះ និយាយឲ្យគេស្តាប់ ដឹងតែចាក់ដល់បេះដូងគេហ្មង…
សម្តីពិតជាមិនឥទ្ធិពលខ្លាំងណាស់ បើនិយាយត្រូវពេល ហើយនិយាយទៅកាន់មនុស្សត្រូវនោះ ប្រាកដជាអាចចាក់ដោតដល់បេះដូងរបស់គេជាមិនខាន។ ជួនកាល មានឱកាសល្អ តែមិនដឹងត្រូវនិយាយអី គួរឲ្យស្តាយស្លាប់ហើយ! អញ្ចឹងហើយ កុំភ្លេចលួចកត់ត្រាឃ្លាខាងក្រោមនេះទុកផង ដែលអត្ថបទនេះនឹងផ្តោតទៅលើតែឃ្លាដែលទាក់ទងនឹងម្ហូបអាហារតែប៉ុណ្ណោះ…
ខ្លួនឯងចូលចិត្តញ៉ាំបន្លែស្រស់ៗមែន? បានជាស្នាមញញឹមរបស់អ្នកស្រស់យ៉ាងហ្នឹង!
ដោយសារតែស្នាមញញឹមស្រស់ អញ្ចឹងហើយប្រហែលជាមកពីញ៉ាំអាហរស្រស់ៗដែរទេដឹង។ ភ្ជាប់ពាក្យសរសើរជាមួយនឹងអាហារដែលគេញ៉ាំ ក៏ជាវិធីដ៏ពិសេសម្យ៉ាងដែរ។
បើឲ្យរ៉ាយរ៉ាប់ពីរសជាតិរបស់ទឹក ប្រហែលជាស្រួលជាង រៀបរាប់ពីអារម្មណ៍ខ្ញុំចំពោះអ្នក
ត្រង់នេះ គឺចង់និយាយដោយសាមញ្ញថា អារម្មណ៍ដែលអ្នកមានឲ្យគេ គឺជ្រាលជ្រៅ និងពិបាកបរិយាយខ្លាំងមែនទែន ដល់ថ្នាក់ថា សូម្បីតែនិយាយពីទឹកក៏ស្រួលជាងនិយាយពីអារម្មណ៍អ្នកដែរ។
ចូលចិត្តញ៉ាំស្ករមែន? ម៉េចក៏សម្តីផ្អែមពិរោះម្ល៉េះ?
ស្រដៀងនឹងឃ្លាខាងលើដែរ តែមួយឃ្លានេះ ផ្តោតសំខាន់លើភាពផ្អែមល្អែម និងទន់ភ្លន់នៃវាចារបស់គេ លក្ខណៈថា ស្តាប់ម្តងៗឡើងចង់លង់តែម្តង។

ដឹងអត់ថាហេតុអ្វីខ្ញុំចូលចិត្តសម្លឹងមើល MENU យូរៗ? ព្រោះមើលទៅឃើញតែ ME-N-U (ខ្ញុំ និងអ្នក)
ងាយៗ ត្រង់ៗ! ទោះចង់មិនចង់ ក៏ញញឹមដែរ បើស្វីតយ៉ាងហ្នឹងនោះ…តែគួរកុំនិយាយច្រើនដងពេក ឬកាលៈទេសៈមិនស័ក្តិសម ខ្លាចលោមិនបានកើនពិន្ទុ បែរជាថយទៅវិញ។
សុំសួរបន្តិច! ឧស្សាហ៍ញ៉ាំដូងក្រអូបមែន? ខ្លួនឯងមានក្លិនក្រអូបជាប់ចិត្តហ្មង
ពិសេសសម្រាប់អ្នកដែលចូលចិត្តទឹកអប់ ឬគ្រឿងតែងកាយដែលមានក្លិនក្រអូបឈ្ងុយជាប្រចាំ។
សង្ស័យតែចូលចិត្តញ៉ាំកាហ្វេហ្មងហ្នឹង! បានជាមើលមុខអ្នកទៅឡើងញៀន ចង់ឃើញរាល់ថ្ងៃតែម្តង
បើគេចូលចិត្តញ៉ាំកាហ្វេ គេក៏ប្រហែលជាដូចកាហ្វេដែរ។ បាត់មួយថ្ងៃ ដូចជាពិបាកក្នុងខ្លួនណាស់ អញ្ចឹងហើយដូចគ្នាដែរ មិនបានជួបគេមួយថ្ងៃ ហឫទ័យដូចគ្រាំគ្រា។

បើសិនអ្នកជាការ៉េម អ្នកគឺជារសជាតិដែលខ្ញុំចូលចិត្ត
គ្រាន់តែចង់និយាយដោយប្រយោលថា «ខ្ញុំចូលចិត្តអ្នក» ដើម្បីឲ្យស្តាប់ទៅ កុំឲ្យសាមញ្ញពេកនោះអី។
នៅជាមួយខ្ញុំ អត់បានញ៉ាំតែអមតៈ (តែមេអំបៅ) រាល់ថ្ងៃ តែមានស្នេហ៍អមតៈគ្រប់ពេល
និយាយអោយស្រួលស្តាប់ទៅ គឺ ចង់ប្រាប់គេថា យើងមានស្នេហ៍ស្មោះសរសម្រាប់គេ មិនថានៅទីណាកន្លែងណានោះទេ។

បើឲ្យប្រៀបអ្នកនឹងផ្លែឈើ ត្រូវតែជាផ្លែឈែរី (Cherries) ព្រោះថាអ្នកខ្យូតក៏ខ្យូត ផ្អែមក៏ផ្អែម
ក្រៅពីចង់ប្រៀបធៀបរូបរាងខាងក្រៅដូចមានបញ្ហានៅក្នុងឃ្លា អ្នកក៏អាចបង្កប់នូវអត្ថន័យថាគេជាប្រភេទដែលកម្រ និងមានតម្លៃខ្ពង់ខ្ពស់ផងដែរ។
ពេលគេបបួលញ៉ាំអី
«គេ ៖ ចង់ញ៉ាំអី?
អ្នក ៖ ញ៉ាំអីក៏បាន ឲ្យតែញ៉ាំជាមួយខ្លួនឯង» ពេលនិយាយហើយ អាចនឹងមានរឿង២កើតឡើង…អាចថាគេអៀនមុនក្រហម ឬខឹងមុខក្រហម