ក្រសួងអប់រំ តម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធដំណើរការប្រឡងបាក់ឌុប អនុវត្តវិធានសុវត្ថិភាពសុខភាពឱ្យម៉ឺងម៉ាត់

អត្ថបទដោយ៖
ហេង សុវណ្ណ

(ភ្នំពេញ)៖ ដើម្បីបង្ការជំងឺនិងគ្រោះថ្នាក់ផ្សេងៗអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបនៅថ្ងៃទី21 ខែធ្នូខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់វិធានសុវត្ថិភាពសុខភាពចាំបាច់មួយចំនួនសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡងត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់។ វិធានសុវត្ថិភាពទាំងនោះ ត្រូវអនុវត្តនៅដំណាក់កាលមុនដំណើរការសំណេរ ក្នុងពេលដំណើរការសំណេរ និងក្នុងដំណើរការកំណែរ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ផ្តល់បទសម្ភាសអំពីវិធានសុវត្ថិភាពសុខភាពនៅតាមគ្រឹៈស្ថានសិក្សាកន្លងទៅ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ AMS Education នៅថ្ងៃពុធនេះថា គ្រប់ភាគីពាក់ព័ន្ធដំណើរការប្រឡងបាក់ឌុប ត្រូវចូលរួមបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដារប្រតិបត្តិ (SoP) ដែលក្រសួងអប់រំបានដាក់ចេញនិងកំពុងអនុវត្ត។

ឯកឧត្តម រស់ សុវាចា បានបន្ថែមថា៖ “ជារួម ក្រសួងអប់រំ យុវជន និងកីឡា រក្សាលំនាំដើមទាំងបច្ចេកទេស និងនីតិវិធីសម្រាប់ការរៀបចំការប្រឡងបាក់ឌុប ដោយបន្ថែមវិធានការសុវត្ថិភាពសុខភាពយ៉ាងម៉ឺងម៉ាត់។ ក្រសួងអប់រំរៀបចំបន្ទប់សុខភាពបំពាក់នូវសម្ភារចាំបាច់សម្រាប់សង្គ្រោះបឋមដោយសហការជាមួយមន្ត្រីសុខាភិបាលនិងរៀបចំបន្ទប់បម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព ដូចជា មានកម្តៅលើសពី 37.5 អង្សារសេ”។

បន្ថែមលើនេះក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តវិធានចាំបាច់មួយចំនួនដូចជា ទទួលទានដំណេក បរិភោគអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាពនិងសុខភាព ជាពិសេសត្រូវទទួលទានអាហារពេលព្រឹក។ ទន្ទឹមគ្នានេះ ត្រូវប្រកាន់ខ្ជាប់ក្បួនអនាម័យជាប្រចាំ អនាម័យខ្លួនប្រាណ សម្លៀកបំពាក់ លាងសម្អាតដៃឱ្យបានញឹកញាប់ និងត្រៀមបម្រុងសម្ភារៈអនាម័យ មានដូចជាម៉ាស់ការពារ អាល់កុលឬជែលលាងដៃ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅពេលប្រឡង។

សូមបញ្ជាក់ថា គោលការណ៍ប្រតិបត្តិស្តង់ដារ (SoP) ត្រូវបានក្រសួងអប់រំរៀបចំឡើងក្នុងវត្ថុបំណងណែនាំអំពីវិធាននានា រួមទាំងវិធានការសុខាភិបាល ដើម្បីគ្រឹះស្ថានសិក្សាអាចរៀបចំ និងត្រៀមលក្ខណៈដំណើរការការបង្រៀន និងរៀនឡើងវិញ ក៏ដូចជាការបន្តអភិវឌ្ឍគ្រឹះស្ថានសិក្សានីមួយៗឱ្យមាននិរន្តរភាព ធានាបាននូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទកូវីដ-19 និងទៅអនាគត ៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner