ព្រឹកនេះ! កម្ពុជា-ចិនចុះហត្ថលេខានាំចេញស្វាយចំនួន៥០ម៉ឺនតោន

អត្ថបទដោយ៖

​នៅថ្ងៃអង្គារទី៩ ស្អែកនេះ រដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងកសិកម្មនឹងចុះហត្ថលេខាជាមួយជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងការនាំផ្លែស្វាយស្រស់គុណភាពខ្ពស់ចំនួន​៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារប្រទេសចិន។

ពិធីចុះហត្ថលេខាគឺធ្វើឡើងនៅក្រសួងកសិកម្ម។ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ស្ថានទូតចិន៖ “កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ​ហើយនឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ”។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង​ សាខុន បានប្រាប់សារព័ត៌មានក្នុងស្រុកថា​ បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់ ទីបំផុតភាគីទាំង២ បានសម្រេចជាលទ្ធផលហើយ។ បើតាមរដ្ឋមន្ត្រីដដែល នេះជាជោគជ័យលើកទី២លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។ ក្រៅពីផ្លែស្វាយនេះ កម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ។

លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។

របាយកាណ៍រស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោន កើនឡើងប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩,២១៤ តោនប៉ុណ្ណោះ។ ក្រៅពីចិន ស្វាយកម្ពុជាក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងផងដែរ៕

ads banner
ads banner
ads banner