ចំការក្រូចឆ្មារ ជាង៥០០ដើម ប្រមូលផលបានពី ១០០ ទៅ ១៥០គីឡូក្រាម ក្នុងមួយសប្តាហ៍
កំពង់ឆ្នាំង៖ ការដាំដំណាំកសិកម្ម របស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុង តែបានប្រែក្លាយជីវភាពរបស់ពួកគាត់ដោយទទួលបានប្រាក់ចំណូលពីមធ្យមទៅច្រើន តាមរយៈការច្នៃប្រឌិតផ្នែកដំណាំកសិកម្ម រួមផ្សំ និងកត្តាភូមិសាស្រ្តដី ដែលមានសក្តានុពលផងនោះ ធ្វើអោយផលដំណាំរបស់ពួកគាត់ទទួលបានភោគផលខ្ពស់។
ជាក់ស្តែងចំការក្រូចឆ្មាររបស់ប្រជាកសិករមួយកន្លែង ដែលមានជាង៥០០ដើមដាំលើផ្ទៃដីជាង២ហិកតា ស្ថិតក្នុងភូមិត្រាំឃ្លោក ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងទទួលបានផលល្អ ដែលកសិករបេះយកទៅផ្គត់ផ្គង់នៅទីផ្សារជារាងរាល់សប្តាហ៍ ដោយទទួលបានតម្លៃទីផ្សារសមរម្យ ដែលកសិករអាចទទួលយកបានផងដែរ។
លោកអ៊ំ ភោគ ហៀង អាយុ៦៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិត្រាំឃ្លោក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២០ នេះថា សព្វថ្ងៃលោកអ៊ុមានដីចំនួន៦ហិកតា សល់ពីដាំដំណាំផ្សេងៗ លោកអ៊ំ ក៏បានដាំដំណាំក្រូចឆ្មារនេះនៅលើផ្ទៃដីជិត៣ ហិកតា ដែលមានដើមក្រូចឆ្មារសរុបប្រមាណជិត៦០០ ដើម ហើយដើមក្រូចឆ្មារនេះផងដែរ គាត់ដាំរយៈពេលជាង៣ឆ្នាំមកហើយ និងបានទួលផល២ឆ្នាំជាប់គ្នាមកហើយដែរ។
លោកអ៊ំ បានបន្តឲ្យដឹងទៀតថា ដើមក្រូចឆ្មាររបស់គាត់គឺការផ្សាំមែកយកមកដាំ ដោយពុំបានបណ្ដុះកូនយកមកដាំនោះឡើយ ឯការលូតលាស់របស់វាគឺឆាប់រហ័ស និងឆាប់បានទទួលផល ដោយមិនពិបាកក្នុងការថែទាំនោះឡើយ តែត្រូវការទឹកអោយបានគ្រប់គ្រាន់ និងប្រើតែជីសេរីរាង្គ ទើបមិនមានសត្វល្អិត ឬដង្កូវមកយាយី ហើយដើមរបស់វាក៏មានសុខភាពល្អ និងអាយុវែងផងដែរ។
ផលផ្លែក្រូចឆ្មារដែលលោកអុំបេះយកទៅលក់ក្នុងមួយថ្ងៃមានចំនួនពី ១០០ ទៅ ១៥០គីឡូក្រាម គឺដឹកយកទៅបោះអោយម៉ូយនៅផ្សារព្រៃខ្មែរ បានក្នុងមួយគីឡូក្រាមពី ៤៥០០រៀលទៅ៦០០០រៀល ដោយក្នុងមួយសប្ដាហ៍បេះពី១ដងទៅ២ដង ទៅតាមការកិម្មង់របស់ម៉ូយនៅឯផ្សារ៕ធ.ដ
ដោយ សុក្ខារិន