ជម្រើសជាតិកីឡាវាយកូនគោលឈុតធំ បានបញ្ចប់យុទ្ធនាការហាត់ហ្វឹកហ្វឺនទីលានធំជាមួយនឹង សមិទ្ធផលរីកចំរើនល្អប្រសើរ

ក្រុមកីឡាករកីឡាវាយកូនគោលជម្រើសជាតិឈុតធំ បានបញ្ចប់កម្មវិធីហាត់ហ្វឹកហ្វឺនពង្រឹង សមត្ថភាព នៅលើទីលានកីឡាវាយកូនគោលខ្នាតធំហើយ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅទីលាន កីឡាវាយកូនគោល Garden City បន្ទាប់បើកយុទ្ធនាការហាត់ហ្វឹកហ្វឺនរយៈពេលជាង៥ខែកន្លងមក ។
លោក ម៉ុន សុខជា កីឡាករវាយកូនគោលជម្រើសជាតិឈុតធំ បានបញ្ជាក់ប្រាប់ថា ក្រុមកីឡាករ កីឡាវាយកូនគោលជម្រើសជាតិឈុតធំ បានធ្វើការហាត់ហ្វឹកហ្វឺនសម្រួចបច្ចេកទេស និងពង្រឹងសមត្ថភាព នៅលើទីលានវាយកូនគោលខ្នាតធំនេះ ចាប់តាំងពីខែកក្តដា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡា ។ លោក អះអាងទៀតថា គិតមកដល់ពេលនេះការហាត់ហ្វឹកហ្វឺននៅទីលានខ្នាតធំៗ នៅរាជធានីភ្នំពេញ បានជាង៥ខែហើយ ក្នុងនោះយើងបានហ្វឹកហាត់នៅលើទីលានវាយកូនគោលហ្គែនភ្នំពេញ រ៉ូយ៉ាល់ភ្នំពេញកប់ស្រូវ និងទីលាន Garden City ។


កីឡាករជម្រើសជាតិខាងលើ បញ្ជាក់ទៀតថា ការហ្វឹកហាត់នៅថ្ងៃនេះជាថ្ងៃបិទបញ្ចប់គម្រោងចុងក្រោយនៅលើទីលានខ្នាតធំ ក្នុងឆ្នាំ២០២០ តាមផែនការហ្វឹកហាត់ដែលដាក់ចេញដោយសហព័ន្ធក្រោមការណែនាំពីក្រសួងអប់រំយុវជននិងកីឡា ។ លោក អះអាងថា ការហ្វឹកហាត់ជាង៥ខែកន្លងមកនេះ ទោះបីប្រឈមជាមួយបញ្ហាជំងឺកូវិដដែលធ្វើឲ្យពួកយើងហាត់ជាមួយការប្រុងប្រយ័ត្នខ្ពស់ក្តីក៍ពួកយើងនៅតែបន្តខិតខំធ្វើការហ្វឹកហាត់យ៉ាងយចិត្តទុកបំផុតដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស។

លោក មើលឃើញថា ឆ្លងកាត់ការហ្វឹកហាត់ជាង៥ខែកន្លងមកនេះ សមត្ថភាពជម្រើសជាតិឈុតធំទាំងអស់មានការអភិវឌ្ឍសមត្ថភាពរីកចំរើនល្អប្រសើរខ្លាំង ។ លោក អះអាងទៀតថា ទោះបីគម្រោងហ្វឹកហាត់នៅលើទីលានធំឆ្នាំ២០២០បានបិទបញ្ចប់ទៅហើយក្តី ប៉ុន្តែក្រុមជម្រើសជាតិធំឈុតធំមិនទាន់បញ្ចប់សកម្មភាពហ្វឹកហាត់របស់ខ្លួនឡើយ ពួកយើងនៅតែបន្តហ្វឹកហាត់ដោយខ្លួនឯងនៅទីលានខ្នាតតូចជាបន្តទៀត ដើម្បីបង្កើនសមត្ថភាពត្រៀមដណ្តើមកៅអីជម្រើសជាតិឆ្នាំ២០២១ ហ្វឹកហាត់ត្រៀមចូលរួមស៊ីហ្គេមលើកទី៣១ នៅវៀតណាម ។

https://fb.watch/274sYp2Tao/


សូមបញ្ជាក់ថា កីឡាករវាយកូនគោលជម្រើសជាតិឈុតធំ ដែលជ្រើសចេញពីការប្រកួតជម្រុះដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជាប្រមូលផ្តុំហ្វឹកហាត់នៅក្នុងឆ្នាំ២០២០ មាន៦រូប មានដូចជា កីឡាករ ម៉ុន សុខជា កីឡាករ ស៊ឹម ស៊ូយុង កីឡាករ ហ៊ឹម រាហ៊ុល កីឡាករ សាន សុធា កីឡាករ សេង វ៉ាន់សីហា និងកីឡាករ ស៊ឹម សេងហាក់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner