អភិបាលខេត្តបាត៎ដំបង ចុះពិនិត្យមើលស្ថានភាពផ្លូវក្រួសក្រហមចំនួន០២ខ្សែ ក្នុងសង្កាត់អូម៉ាល់និងសង្កាត់វត្តគរ ដោយគ្រោងកែលម្អឲ្យទៅជាផ្លូវក្រាលកៅស៊ូ (DBST) វិញ

  នៅល្ងាចថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តបាត់ដំបង ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួន បានចុះពិនិត្យមើលស្ថានភាពផ្លូវក្រួសក្រហមចំនួន ០២ខ្សែ ដែលស្ថិតក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ក្នុងការចុះពិនិត្យមើលនេះ ក៏មានចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង២ ខាងលើផងដែរ។

     កន្លងទៅនេះបើទោះបី ជាកម្ពុជាទទួលរងផលប៉ះពាល់ជាសកលពីវិបត្តិកូវីដ-19ក្តី តែការអភិវឌ្ឍន៍និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលជាតម្រូវការចាំបាច៎របស់ប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់និងនៅតែបន្តធ្វើជាបន្តបន្ទាប់។ ដោយឡែក សម្រាប់ខេត្តបាត់ដំបង ដោយមើលឃើញពីកង្វល់របស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង២ខាងលើនេះ។ នៅរសៀលថ្ងៃនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះទៅពិនិត្យមើលពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយបានចុះទៅពិនិត្យមើលផ្លូវក្រាលក្រួសក្រហម ចំនួន ២ខ្សែនៅក្នុងសង្កាត់អូរម៉ាល់និងសង្កាត់វត្តគរ ដោយគ្រោងធ្វើការកែលម្អ ជាផ្លូវក្រាលកៅស៊ូ (DBST)វិញ។

       ខ្សែផ្លូវដែលត្រូវចុះពិនិត្យមើលនោះដោយក្នុងនោះ៖ផ្លូវខ្សែទី១-ស្ថិតនៅក្នុងសង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ស្ថិតនៅខាងលិចផ្សារបឹងរាំងដោយឆ្លងកាត់ភូមិបឹងរាំងនិងភូមិដាក់សសរ។ ហើយផ្លូវនេះរដ្ឋបាលខេត្តបាត៎ដំបង គ្រោងផែនការ ក្នុងការកែលម្អទៅជាផ្លូវក្រាលកៅស៊ូDBST ដែលមានប្រវែងប្រមាណ ៣ គ.ម និងទទឹងផ្លូវ ៤ម ព្រមទាំងដាក់លូមុខកាត់ ០,៨០ម៉ែត្រ កាត់ផ្លូវចំនួន០៦កន្លែងផងដែរ ។ ខ្សែផ្លូវទី២-ស្ថិតក្នុងភូមិខ្សាច់ពោយ និងភូមិបល័្លង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ប្រវែងប្រមាណ៨ គ.ម និងទទឹងផ្លូវប្រវែង ៤ម ។

        ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបន្តចុះទៅពិនិត្យមើលខ្សែផ្លូវទី៣ ដែលជាផ្លូវក្រាលកៅស៊ូ(DBST)ផ្លូវលេខ ១៥១២ ចាប់ពីផ្លូវជាតិលេខ៥ ទល់ផ្លូវ Highway ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង មានប្រវែងប្រមាណ ០៣គ.ម ទទឹងផ្លូវ៦ម ដែលទើបតែស្ថាបនារួចរាល់ ។

     លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការនិង វិនិយោគសាលាខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា៖ ការចុះពិនិត្យមើលផ្លូវចំនួន០២ខ្សែខាងលើនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង គ្រោងស្នើសុំថវិកាឥណទានបន្ថែមឆ្នាំ២០២០នេះ ដើម្បីយកធ្វើការកែលម្អផ្លូវខាងលើឲ្យបានប្រសើរឡើង ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងសង្កាត់អូម៉ាល់និងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ដោយឡែក កាលពីល្ងាចថ្ងៃទី០១ ខែធ្នូកន្លងទៅនេះ ឯកឧត្តមអភិបាល ខេត្តបាត់ដំបង រួមជាមួយ លោក សុខ ហឿន អភិបាលស្រុកសង្កែ និងមន្ត្រីជំនាញសាលាស្រុកព្រមទាំងអាជ្ញាធរឃុំពាក់ព័ន្ធ មួយចំនួន ក៏បានចុះទៅពិនិត្យពីមើលស្ថានភាពផ្លូវឆ្លងកាត់ឃុំចំនួន៣ ក្នុងនោះរួមមាន៖ឃុំអូដំបង១, ឃុំអូរដំបង២ និងឃុំអន្លង់វិល ក្នុងនោះក៏មានភូមិអូរដំបង១, ភូមិអូរដំបង២, ភូមិស្វាយជ្រុំ, ភូមិកំពង់បៃដោក និង ភូមិអន្លង់វិល ដែលគ្រោងកែលម្អផ្លូវក្រួសក្រហម១ខ្សែឲ្យទៅជាផ្លូវក្រាលកៅស៊ូ DBST ដែលមានប្រវែងប្រមាណ ៧គម.និងទទឹងផ្លូវ៤ម ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner