គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក បណ្តាលឲ្យ ស្លាប់២នាក់

ពោធិ៍សាត់៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ២ករណីផ្សេងគ្នា នៅលើផ្លូវទឹកបឹងទន្លេសាប ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយ បានកើតឡើងកាលពីវេលាម៉ោង០២៖៣០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ រវាងកាណូត និងកាណូត នៅចំណុចដងស្ទឹងច្រកែងស្រោង ស្ថិតក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធីសាត់។

ជនបង្កមានឈ្មោះ ព្រំ គឺ អាយុ៥៥ឆ្នាំរស់នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបើកក្នុងល្បឿនលឿន បញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយកាណូត ជនរងគ្រោះឈ្មោះ សាំង ផេង អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ (បណ្តាលឲ្យស្លាប់)។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យ និងវត្ថុតាង ត្រូវឃាត់ខ្លួនរក្សាទុកនៅប៉ុស្តិ៍នគបាលកញ្ជរ ដើម្បីបំពេញនីតិវិធីចាត់ការតាមច្បាប់។

ករណីមួយទៀត កាលពីវេលាម៉ោង០៨៖២០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅចំណុចប្រឡាយផ្លូវទឹក ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយទៀត បង្កឡើងដោយកាណូតមិនស្គាល់ភិនភាគ (បើករត់បាត់) បានបុកកាណូតសំប៉ាន បណ្តាលឲ្យធ្លាក់ទឹកស្លាប់ ជនរងគ្រោះឈ្មោះ លឿង ធីលុង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ កាណូត និង សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យប្រពៃណី៕ ដោយ៖ ចេង ពុំ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner