សម្ដេចតេជោ ហ៊ុន សែន អះអាងថា បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន

ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្ម ភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី ៣៨ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បច្ចុប្បន្ននេះ ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់ មជ្ឈដ្ឋាន ដោយក្នុងឆ្នាំ២០១៩កន្លងទៅនេះ ជនមានពិការភាព ចូលបម្រើការងារ ក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន ៤០ ហើយមានជនមានពិការភាពចំនួន២៨៦០នាក់ ក្នុងនោះស្ដ្រីពិការមានចំនួន ៧៨៩នាក់ ហើយជនពិការ កម្រិតធ្ងន់ចំនួន ១៥៥៧នាក់ បើគិតជាភាគចំនួន ១,៩៥% ។ ដោយឡែកក្នុងវិស័យឯកជន ដែលរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ច បានធ្វើការសាលល្បងនៅរាជធានី ភ្នំពេញ ខេត្តកណ្ដាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនមានពិការភាពចូលបម្រើការងារ ចំនួន ៣៧៩២នាក់ ក្នុងនោះស្រ្ដី ២១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស មានចំនួនជន មានពិការភាពចំនួន ៦៦៥២នាក់ ។

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមការងារក្រុមប្រឹក្សា សកម្មភាពជនពិការ តាមក្រសួងស្ថាប័ន ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ក្រុមគ្រួសារជនមានពិកាភាព ដែលបាន យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និង ធនធានប្រកបដោយការទទួលខុសខ្ពស់ត្រូវ ក្នុងការរួមចំណែកលើក កម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ជាពិសេសជនមានពិការភាព ដើម្បីឲ្យពួកគេទទួលបាន សិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជន ពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព យុទ្ធសាស្ត្រអ៊ីនឈាន ធ្វើឱ្យសិទ្ធិក្លាយជាការពិត ។ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដូចតទៅ៖

១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាព ដោយរៀបចំផែនការ សកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។

ទី២-ត្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវី-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយផ្តល់គ្រប់លទ្ធភាព ធ្វើយ៉ាងណា ឱ្យជនមានពិការភាពទទួលបានសម្ភារៈ ព័ត៌មានស្តីពីការបង្ការ និងការពារជំងឺកូដ ១៩ ។

ទី៣- សូមបងប្អូនមានពិការភាពទាំងអស់ រក្សាវិធានសុខាភិបាល ដោយត្រូវរកម្លាតសុវត្ថិភាព ពាក់ម៉ាស់ លាង ដៃ នឹងអាល់កុល សាប៊ូ ឬជែល ឱ្យបានខ្ជាប់ខ្លួននៅតាមទីកន្លែងសាធារណៈ និងនៅតាមសហគមន៍ ។

ទី៤- គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាព ឱ្យ បំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម ។

ទី៥- ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំង អស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាព ឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ។

ទី៦- ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងគោល នយោបាយជាតិនានា ដើម្បីជាឧត្តមប្រយោជន៍សុខុមាលភាព ដល់បងប្អូនមានពិការភាពគ្រប់ប្រភេទ និងគ្រប់ កម្រិត។

ទី៧- ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលកន្លែងសាធារណៈសម្រាប់ជនមានពិការភាព គ្រប់ ប្រភេទ ដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ, បន្ទប់ទឹកជនមានពិកាភាព, ការធ្វើជម្រាល, ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។

ទី៨- ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា ជាពិសេស ព័ត៌មានស្តីពីការរាតត្បាត និងវិធីសាស្រ្តការពារជំងឺកូវីដ-១៩ ដើម្បីមនុស្ស គ ថ្លង់ អាចទទួលព័ត៌មានបានទាន់ ពេលវេលា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner